អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប នៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បង្កើតបាននូវឱកាស ក្នុងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា៖ «វាគឺលឿនពេកណាស់ ដែលមិនអាចពិនិត្យមើល និងវាយតម្លៃពីផលប៉ះពាល់ទាំងអស់ ក្នុងផ្នែកទាក់ទងនឹងការវាយតម្លៃផ្លូវច្បាប់»។
យ៉ាងណាក្ដី លោកស្រីអ្នកនាំពាក្យរូបនោះ មិនបានធ្វើអត្ថាធិប្បាយនោះឡើយ អំពីថា តើសហភាពអឺរ៉ុប (EU) នឹងកំណត់លក្ខណៈវិធានការរបស់អាមេរិកយ៉ាងដូចម្ដេច ប៉ុន្តែបាននិយាយថា វា «បានបង្កើតឱកាសឲ្យមានការផ្លាស់ប្តូរប្រជាធិបតេយ្យដែលដឹកនាំដោយប្រជាជនវេណេស៊ុយអេឡា»។
លោកស្រីបានបន្ថែមថា៖ «គេគួររំលឹកថា លោក Nicolas Maduro ខ្វះភាពស្របច្បាប់ ក្នុងនាមជាមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ»។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញសំណួរថា តើ EU យល់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់អារម្មណ៍លើការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ នៅវ៉េណេស៊ុយអេឡាដែរ ឬទេ៕