រដូវរងាបានមកដល់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់ច្រើន ។
ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Munich អាចកម្សាន្តលេងរដូវរងានៅតាមមាត់ព្រែកនៃវិមាន Nymphenburg ក្រោមពន្លឺព្រះអាទិត្យដ៏ចែងចាំង ព្រិលយ៉ាងក្រាស់ បានធ្លាក់នៅក្នុងរដ្ឋធានីមួយនេះ តាំងពីព្រឹក អមដោយខ្យល់បក់ខ្លាំង បានធ្វើឲ្យសួនកម្សាន្ត និងដងផ្លូវប្រែក្លាយទៅជាដែនដីអច្ឆរិយៈនារដូវរងា ។
មាននូវរទេះរំអិល និងមនុស្សព្រិលនៅគ្រប់ទីកន្លែងផងដែរ ហើយប្រជាពលរដ្ឋនាំគ្នាពូនព្រិលជាដុំ ដើម្បីគប់គ្នាលេង ។
ក្មេងប្រុស Ben Wood ដែលរស់នៅក្នុងទីក្រុង Munich និយាយថា ការលេងគប់ព្រិលពិតជាសប្បាយរីករាយខ្លាំងណាស់ ពួកយើងបាននាំគ្នាលេងនៅថ្ងៃនេះ ហើយវាពិតជាមានអារម្មណ៍រំភើបញាប់ញ័រខ្លាំងណាស់ ពីព្រោះថា មនុស្សដែលពួកយើងមិនស្គាល់គ្មាន ក៏ពួកគេចូលរួមលេងសប្បាយជាមួយពួកយើងផងដែរ ។
ក្មេងប្រុសបន្តថា អ្នកអាចជិះរទេះរំអិល ឬធ្វើមនុស្សព្រិល ហើយអ្នកអាចធ្វើអ្វីៗគ្រប់បែបយ៉ាងជាមួយមនុស្សព្រិលទាំងនេះ ។ ពួកយើងគ្រាន់តែធ្វើជើង ពេលខ្លះវាក៏ដួលបាត់ទៅហើយ ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមអាល្លឺម៉ង់ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅទីក្រុងប៊ែរឡាំង និងទីក្រុង Brandenburg ទំនងជាមិនផ្លាស់ប្តូរមួយរយៈពេល ។ ស្ថានភាពព្យុះនៅសមុទ្របាល់ទិក នឹងនាំមកនូវខ្យល់ត្រជាក់ចូលក្នុងតំបន់ បណ្តាលឲ្យមានព្រិលធ្លាក់ ហើយពេលខ្លះមានខ្យល់បក់ខ្លាំង ថែមទៀតផង ។ ស្ថានភាពបែបនេះ នឹងអូសបន្លាយពេល ធ្វើឲ្យផ្លូវមានស្ថានភាពរអិលភ្លាមៗ ហើយនិងមានការព្រមានពីព្រិលធ្លាក់ខ្លាំង ដោយសារសន្ទុះខ្យល់បក់ ៕