អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានអំពាវនាវឱ្យមានការគោរពឯករាជ្យភាពនយោបាយរបស់ប្រទេស បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលទីក្រុងវ៉ាស៊ីនតោនបានការពារថាជាសកម្មភាពរបស់នគរបាលប្រឆាំងនឹងមេដឹកនាំ «ខុសច្បាប់» របស់ទីក្រុង Caracas។

កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនលោក Nicolas Maduro និងភរិយារបស់លោក កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដោយបញ្ចប់ការគ្រប់គ្រងផ្តាច់ការកាន់តែខ្លាំងឡើងរយៈពេល១២ឆ្នាំដោយមេដឹកនាំឆ្វេងនិយម ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន។

លោក Guterres ជំរុញឱ្យមាន «ការគោរពគោលការណ៍នៃអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋ» នេះបើយោងតាមការថ្លែងក្នុងអំណានជំនួសមុខដោយអនុលេខាធិការ លោក Rosemary DiCarlo ក្នុងអំឡុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិនេះ។ សុន្ទរកថារបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអស្ថិរភាពនៅក្នុងប្រទេស ផលប៉ះពាល់ដែលអាចកើតមានលើតំបន់ និងគំរូកំណត់របៀបទំនាក់ទំនងរវាង និងក្នុងចំណោមរដ្ឋដែលត្រូវបានអនុវត្ត» ។ ប្រទេសកូឡុំប៊ី ជាសមាជិកថ្មីនៃក្រុមប្រឹក្សាសន្តិសុខដែលបានស្នើសុំកិច្ចប្រជុំជាផ្លូវការ ហើយមេដឹកនាំរបស់ខ្លួនគឺលោក Gustavo Petro បានប៉ះទង្គិចជាមួយលោក Donald Trump ក៏បានសម្តែងការព្រួយបារម្ភអំពីបំណងរបស់សហរដ្ឋអាមេរិកផងដែរ។
ឯកអគ្គរដ្ឋទូតកូឡុំប៊ី លោកស្រី Leonor Zalabata Torres បាននិយាយថា ធម្មនុញ្ញអង្គការសហប្រជាជាតិអនុញ្ញាតឱ្យ «ប្រើប្រាស់កម្លាំងតែក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ ក្នុងការការពារដោយស្របច្បាប់ នៅចំពោះមុខការវាយប្រហារប្រដាប់អាវុធ ឬនៅពេលដែលមានការអនុញ្ញាតយ៉ាងច្បាស់លាស់ពីក្រុមប្រឹក្សា»។