លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គេស(Delcy Rodriguez) អតីតអនុប្រធានាធិបតីវ៉េណេស៊ុយអេឡា បានស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីដឹកនាំប្រទេសអាមេរិកខាងត្បូងមួយនេះ បន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro ក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ លោកស្រី Rodriguez បានបង្ហាញខ្លួននៅចំពោះមុខរដ្ឋសភាវ៉េណេស៊ុយអេឡា ដើម្បីស្បថចូលកាន់តំណែង។ ថ្លែងនៅចំពោះមុខស្ថាប័ននីតិបញ្ញត្តិ ដែលភាគច្រើនជាអ្នកស្មោះត្រង់ទៅនឹងរដ្ឋាភិបាល លោកស្រីRodriguez បានបញ្ជាក់ជាថ្មីអំពីការប្រឆាំងរបស់លោកស្រីចំពោះការវាយប្រហារដោយយោធាដែលនាំទៅរកការចាប់ខ្លួន និងបណ្តេញលោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores។

លោកស្រី Rodriguez អាយុ៥៦ឆ្នាំ បានប្រាប់សភាថា «ខ្ញុំឈឺចាប់ចំពោះការចាប់ពង្រត់វីរបុរសពីរនាក់ ដែលកំពុងត្រូវបានចាប់ជាចំណាប់ខ្មាំង គឺលោកប្រធានាធិបតី Nicolás Maduro និងស្ត្រីទីមួយ លោកស្រី Cilia Flores»។ «ខ្ញុំស្បថថានឹងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាបានសន្តិភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនយើង»។
អតីតមេធាវីការងារ លោកស្រី Rodriguez បានបម្រើការជាប្រធានាធិបតីស្តីទីចាប់តាំងពីការវាយប្រហារនៅពេលព្រឹកព្រលឹមដែលបណ្តាលឱ្យមានការចាប់ខ្លួនប្រធានាធិបតី។ ការផ្ទុះ ត្រូវបានរាយការណ៍មុនពេលថ្ងៃរះកាលពីថ្ងៃសៅរ៍ នៅក្នុងរដ្ឋធានី Caracas ព្រមទាំងនៅមូលដ្ឋានយោធាវ៉េណេស៊ុយអេឡា និងតំបន់ស៊ីវិលមួយចំនួនទៀត។ ពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ត្រូវបានពិនិត្យដោយប្អូនប្រុសរបស់លោកស្រី Rodriguez គឺលោកJorge Rodriguez ប្រធានរដ្ឋសភា និងកូនប្រុសរបស់លោក Maduro គឺលោក Nicolás Maduro Guerra ដែលកាន់ច្បាប់ចម្លងនៃរដ្ឋធម្មនុញ្ញវ៉េណេស៊ុយអេឡា។