ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារតំបន់ Chugoku ភាគខាងលិចនៃប្រទេសជប៉ុន នៅក្នុងថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦នេះ ហើយតាមពីក្រោយដោយរញ្ជួយតូចៗជាបន្តបន្ទាប់ទៀត។

ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីលើកដំបូង គឺនៅភាគខាងកើតនៃខេត្ត Shimane ដោយបន្ថែមថា មិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិនោះទេ។ គ្រោះធម្មជាតិចុងក្រោយបំផុតនេះមានអាំងតង់ស៊ីតេរញ្ជួយដីកម្រិត៥ លើមាត្រដ្ឋាន ១ដល់៧ របស់ជប៉ុន ដែលខ្លាំងគ្រប់គ្រាន់ធ្វើឱ្យមនុស្សពិបាកបម្លាស់ទី បើពុំមានជំនួយទេនោះ។
ក្រុមហ៊ុនផ្លូវដែកជប៉ុន West Japan Railway បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការរថភ្លើងល្បឿនលឿន Shinkansen រវាងតំបន់ Shin-Osaka និង Hakata បន្ទាប់ពីរញ្ជួយដីនេះ។
គួរឱ្យដឹងថា រញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅជប៉ុន ដែលជាតំបន់មួយក្នុងចំណោមតំបន់មានសកម្មភាពរញ្ជួយដីច្រើនបំផុតរបស់ពិភពលោក។ ជប៉ុន មានចំនួនប្រហែល ១ភាគ៥ នៃការរញ្ជួយដីកម្រិត ៦ ឬច្រើនជាងនេះ របស់ពិភពលោក៕

