យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័ន Ipsos ដែលបញ្ចប់នៅថ្ងៃចន្ទ (៥ មករា) បានបង្ហាញពីការខ្វែងគំនិតគ្នាក្នុងចំណោមសាធារណៈជនអាមេរិក ដោយចំនួន ១ភាគ៣ នៃជនជាតិអាមេរិកដែលត្រូវស្ទង់មតិ បានគាំទ្រការវាយប្រហារដោយយោធាលើវ៉េណេស៊ុយអេឡា ដែលបានផ្តួលរំលំប្រធានាធិបតីរបស់ប្រទេសនេះ ប៉ុន្តែអត្រា ៧២% ផ្សេងទៀត បារម្ភថា សហរដ្ឋអាមេរិកនឹងជាប់ពាក់ព័ន្ធខ្លាំងពេក នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

ការស្ទង់មតិរយៈពេល ២ថ្ងៃនោះបានបង្ហាញថា អត្រា ៦៥% នៃអ្នកមកពីបក្សសាធារណរដ្ឋ គាំទ្រប្រតិបត្តិការយោធា ដែលបញ្ជាដោយលោកប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ Donald Trump បើធៀបទៅនឹងអត្រា ១១% នៃសមាជិកបក្សប្រជាធិបតេយ្យ និង ២៣% នៃអ្នកឯករាជ្យ។
ការស្ទង់មតិ លើមនុស្សពេញវ័យជាង ១ពាន់នាក់នាក់ ទូទាំងប្រទេសនេះក៏បង្ហាញពីកំណើនប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិកផងដែរ ដោយអត្រាគាំទ្រលោក Trump ឈរនៅកម្រិត ៤២% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីខែតុលាមក និងកើនឡើងពីអត្រា ៣៩% ក្នុងការស្ទង់មតិខែធ្នូ។
គួរឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយឆ្មក់ចូលទៅក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា នៅក្នុងប្រតិបត្តិការដ៏រហ័សមួយ នាំទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលយោធាសហរដ្ឋអាមេរិក បានប្រគល់ទៅឱ្យអាជ្ញាធរសហព័ន្ធដើម្បីចោទប្រកាន់ផ្លូវច្បាប់ ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕

