សម្ព័ន្ធមិត្តសំខាន់ៗរបស់អ៊ុយក្រែន នឹងជួបប្រជុំជាមួយបេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) នេះ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ ខណៈដែលពួកគេកំពុងបន្តជំរុញផែនការដែលសម្របសម្រួលដោយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេសគាំទ្រអ៊ុយក្រែនដែលដាក់ឈ្មោះថា «សម្ព័ន្ធឆន្ទៈរួម» គឺជាជួបជុំចុងក្រោយបំផុតនៃកិច្ចប្រជុំជាច្រើនដែលបានគ្រោងទុក សម្រាប់ឆ្នាំថ្មី ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះដែលបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត នៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

តំណាងនៃប្រទេសចំនួន ៣៥ រួមទាំងប្រមុខរដ្ឋចំនួន ២៧ នឹងជួបជុំគ្នានៅទីក្រុងប៉ារីស ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពី «ធ្វើឲ្យស្របគ្នា» រវាងទីក្រុងវ៉ាស៊ីនតោន គីវ និងសម្ព័ន្ធមិត្តអឺរ៉ុប ស្តីពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោ Donald Trump គឺលោក Steve Witkoff និងកូនប្រសាររបស់មេដឹកនាំអាមេរិក គឺលោក Jared Kushner នឹងចូលរួមកិច្ចប្រជុំនៃក្រុមចម្រុះនេះ ដែលបានចាប់ផ្តើមនៅនិទាឃរដូវដោយប្រទេសបារាំង និងចក្រភពអង់គ្លេស៕
