កងទ័ពស៊ីរីកាលពីថ្ងៃចន្ទបានចាប់ផ្តើមកំណត់គោលដៅទៅលើអ្វីដែលខ្លួនពិពណ៌នាថា ជាទីតាំងបាញ់បង្ហោះយានដ្រូនដែលបានប្រតិបត្តិការដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃើដ (SDF) នៅតំបន់ជនបទភាគខាងកើតទីក្រុងអាឡេប៉ូ បន្ទាប់ពីមានរបាយការណ៍អំពីរបួសក្នុងចំណោមជនស៊ីវិល និងបុគ្គលិកយោធា។ នេះបើយោងតាមទូរទស្សន៍ Al-Ikhbariya ដែលគ្រប់គ្រងដោយរដ្ឋ។
ដោយដកស្រង់ប្រភពយោធាមួយ ទូរទស្សន៍ Al-Ikhbariya បានរាយការណ៍ថា កងទ័ពបានកំណត់អត្តសញ្ញាណ និងកំណត់គោលដៅទៅលើទីតាំងដែលដ្រូនត្រូវបានបាញ់បង្ហោះ បន្ទាប់ពីការវាយប្រហារដែលត្រូវបានចោទប្រកាន់ថា បានបណ្តាលឲ្យមនុស្ស ៦នាក់រងរបួស នៅក្នុងចំណោមជនស៊ីវិល និងសមាជិកនៃកងអាវុធហត្ថ នៅក្នុងតំបន់នោះ នៅព្រឹកថ្ងៃចន្ទ។

ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបដិសេធអ្វីដែលខ្លួនហៅថា ការចោទប្រកាន់ «ប្រឌិតនិងគួរឲ្យសង្ស័យ»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន SDF បាននិយាយថា ខ្លួនមិនបានធ្វើសកម្មភាពយោធា នៅជិតតំបន់នោះទេ កាលពីថ្ងៃចន្ទ ហើយបានចោទប្រកាន់ទីក្រុងដាម៉ាសថា បានព្យាយាមបង្កើតលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងភាពតានតឹងដោយមិនសមហេតុផល។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖« SDF ប្តេជ្ញាចិត្តចំពោះការអត់ធ្មត់ និងចំពោះផ្លូវដែលមានស្រាប់» ដោយព្រមានអំពីផលវិបាកនៃការចោទប្រកាន់ទាំងនោះ៕
