ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានថ្កោលទោសការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅប្រទេសវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដោយបដិសេធរាល់ទម្រង់នៃការមានអន្តរាគមន៍យោធា នៅតំបន់អាមេរិកឡាទីន និងច្រានចោលនូវលទ្ធភាពនៃការវាយប្រហារស្រដៀងគ្នានោះ នៅលើទឹកដីម៉ិកស៊ិក។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) លោកស្រី Sheinbaum បាននិយាយថា ប្រទេសម៉ិកស៊ិកបដិសេធយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃការធ្វើអន្តរាគមន៍ពីបរទេស ជាជំហរដែលលោកស្រីបានបញ្ជាក់ថា មិនត្រឹមតែផ្អែកលើរដ្ឋធម្មនុញ្ញម៉ិកស៊ិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ផងដែរ។

លោកស្រី បានសង្កត់ធ្ងន់ថា៖ «យើងបដិសេធទាំងស្រុងនូវការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ។ ប្រវត្តិសាស្រ្តនៃតំបន់អាមេរិកឡាទីន គឺច្បាស់លាស់ និងគួរឲ្យចាប់អារម្មណ៍ណាស់ ដែលនោះគឺថា ការធ្វើអន្តរាគមន៍មិនដែលនាំឲ្យមានលទ្ធិប្រជាធិបតេយ្យ មិនដែលបង្កើតបាននូវសុខុមាលភាព ឬស្ថិរភាពយូរអង្វែងនោះឡើយ»។
គួរបញ្ជាក់ថា បើយោងតាមអាជ្ញាធរវ៉េណេស៊ុយអេឡា បានឲ្យដឹងថា លោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបានចាប់ដោយកងកម្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសលើទីតាំងជាច្រើន ក្នុងរដ្ឋធានីការ៉ាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់។
ភ្លាមៗបន្ទាប់ពីមានអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា លោក Trump បាននិយាយយោងទៅកាន់ប្រទេសអាមេរិកឡាទីនផ្សេងទៀតថា ជាគោលដៅ នាពេលអនាគត សម្រាប់វិធានការរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងម៉ិកស៊ិក និងកូឡុំប៊ីផងដែរ ដែលលោកបានអះអាងថា ជាមជ្ឈមណ្ឌល សម្រាប់ការជួញដូរគ្រឿងញៀនអន្តរជាតិ៕
