ប្រទេសចិនបានដាក់ចេញនូវការគ្រប់គ្រងលើការនាំចេញទៅកាន់ប្រទេសជប៉ុន ដែលអាចមានការប្រើប្រាស់ខាងយោធា ដោយបានធ្វើឲ្យជម្លោះកាន់តែឡើងកម្ដៅខ្លាំងទៅៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅតំបន់អាស៊ី ដោយសារតែការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលបានធ្វើឡើងក្នុងឆ្នាំ២០២៥ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
នាថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) នេះ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់ទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា ត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ជប៉ុនឡើយ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងយោធា ដោយចាប់ផ្ដើមមានប្រសិទ្ធភាពភ្លាមៗ។ ដោយមិនបានបញ្ជាក់លម្អិត ក្រសួងបានបន្ថែមថា ការនាំចេញ «សម្រាប់គោលបំណងអ្នកប្រើប្រាស់ចុងក្រោយផ្សេងទៀត ដែលអាចបង្កើនសមត្ថភាពយោធារបស់ប្រទេសជប៉ុន» ក៏ត្រូវបានហាមឃាត់ផងដែរ។

អ្នកនាំពាក្យក្រសួង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មេដឹកនាំរបស់ប្រទេសជប៉ុននាពេលថ្មីៗនេះ បានធ្វើការកត់សម្គាល់មិនត្រឹមត្រូវ ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយបង្ហាញអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា នៅច្រកសមុទ្រតៃវ៉ាន់»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការអធិប្បាយទាំងនោះ បានរំលោភលើគោលការណ៍ចិនតែមួយ និងជា «ធម្មជាតិបង្កប់ការព្យាបាទ ដែលនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ»។
មន្ត្រីម្នាក់មកពីការិយាល័យសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងក្រសួងពាណិជ្ជកម្មជប៉ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយនិយាយថា ការិយាល័យកំពុងពិនិត្យមើលស្ថានភាពនេះ។
គួរបញ្ជាក់ថា ការទប់ស្កាត់នេះ គឺជាវិធានការចុងក្រោយបំផុត នៅក្នុងយុទ្ធនាការដាក់សម្ពាធជាបន្តបន្ទាប់ប្រឆាំងនឹងជប៉ុន បន្ទាប់ពីលោកស្រី Takaichi បានលើកឡើងថា ទីក្រុងតូក្យូអាចដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន ប្រសិនបើទីក្រុងប៉េកាំងប៉ុនប៉ងដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន៕
