ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) នេះ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួណ សម្រាប់ភ្នំភ្លើង Mayon នៅភាគកណ្តាលខេត្ត Albay ដោយព្រមានអំពី «លទ្ធភាពដែលអាចកើតមានសកម្មភាពផ្ទុះ» ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ និងណែនាំប្រជាជនស្នាក់នៅក្រៅតំបន់គ្រោះថ្នាក់ឲ្យបានចម្ងាយ ៦គីឡូម៉ែត្រ។
វិទ្យាស្ថានសិក្សាពីបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់ហ្វីលីពីន ដែលត្រូវបានគេស្គាល់ថា Phivolcs បានបង្កើនការប្រកាសអាសន្នដល់កម្រិត ៣ សម្រាប់មាត្រដ្ឋាន ៥កម្រិត ដែលមានន័យថា កម្រិតម៉ាក់ម៉ា (Magma) កំពុងកើនឡើងនៅខាងក្នុងភ្នំភ្លើង ហើយបង្កើតជាកម្អែលភ្នំភ្លើង នៅកំពូលភ្នំ។

Phivolcs បានជំរុញឲ្យអ្នកស្រុកនៅក្នុងតំបន់ហាមធ្វើដំណើរ ៦គីឡូម៉ែត្រ ត្រូវជម្លៀសខ្លួនចេញ ដោយសារតែប្រឈមនឹងហានិភ័យ ដូចជាលំហូរកម្អែភ្នំភ្លើង ការធ្លាក់ដុំថ្ម និងគ្រោះថ្នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា Mayon គឺជាភ្នំភ្លើងដ៏សកម្មបំផុត ក្នុងចំណោមភ្នំភ្លើងចំនួន ២២ នៅក្នុងប្រទេសហ្វីលីពីន ដែលបានផ្ទុះច្រើនជាង ៥០ដងហើយ ក្នុងរយៈពេល ៤សតវត្សរ៍ចុងក្រោយនេះ។ ការផ្ទុះភ្នំភ្លើងចុងក្រោយរបស់វា គឺនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ជាពេលដែលវាបានបញ្ចេញកម្អែភ្នំភ្លើង និងឧស្ម័នពុល។
ការផ្ទុះដ៏បំផ្លិចបំផ្លាញបំផុត បានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ១៨៤១ នៅពេលដែលលំហូរកម្អែភ្នំភ្លើង បានកប់ទីក្រុងទាំងមូល និងបានផ្ដាច់ជីវិតមនុស្ស ១.២០០នាក់៕
