នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen បានព្រមានថា រាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមគ្រប់គ្រងកោះ Greenland លទ្ធផលនឹងក្លាយជាការបញ្ចប់របស់សម្ព័ន្ធមិត្តយោធាណាតូ ស្របពេលដែលរឿងរ៉ាវនៃការវាយប្រហារវេណេស៊ុយអេឡាពីសំណាក់សហរដ្ឋអាមេរិក និងការចាប់ខ្លួនមេដឹកនាំរបស់ពួកគេ កំពុងល្បីខ្ទរខ្ទារទូទាំងពិភពលោក ។
លោកស្រី Frederiksen បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការអំពាវនាវចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យកោះនៅតំបន់អាក់ទិកមួយនេះ ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោន ។
លោក Trumpបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា លោកនឹងជជែកពីកោះ Greenland ក្នុងរយៈពេល ២០ថ្ងៃទៀត ។
លោកបាននិយាយការពារថា កោះ Greenland គួរស្ថិតក្រោមដែនសមត្ថិកិច្ចរបស់សហរដ្ឋអាមេរិក ហើយការគំរាមកំហែងចុងក្រោយរបស់លោក បានកើតមានឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយកងកម្លាំងសហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro និងភរិយារបស់លោក ។
ប្រតិបត្តិការយោធានេះ បណ្តាលឲ្យមានការប្រុងប្រយ័ត្ននៅប្រទេសដាណឺម៉ាក និងកោះ Greenland គឺជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ា និងជាផ្នែកមួយរបស់អង្គការណាតូ ។
លោក Frederiksen និយាយថា បើសិនជាសហរដ្ឋអាមេរិកជ្រើសរើសផ្លូវវាយប្រហារប្រទេសមួយទៀតរបស់អង្គការណាតូដោយកម្លាំងយោធា ដល់ពេលនោះអ្វីៗនឹងត្រូវបញ្ឈប់ ។
លោកស្រីនិយាយប្រាប់ទូរទស្សន៍ដាណឺម៉ាក TV2 ថា នោះរួមទាំងអង្គការណាតូរបស់ពួកយើង ហើយនិងសន្តិសុខដែលត្រូវបានផ្តល់ជូន ចាប់តាំងពីដំណាច់សង្រ្គាមលោកលើកទី ២ ។
សូមបញ្ជាក់ថា លោក Trump ពុំបានច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមគ្រប់គ្រងកោះ Greenland ហើយកាលពីខែមុន អភិបាលរដ្ឋ Louisiana លោក Jeff Landry ដែលបានគាំទ្រជាសាធារណៈចំពោះការដាក់កោះ Greenland ជាឧបសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនោះ ទទួលបានការតែងតាំងជាប្រេសិតពិសេសប្រចាំនៅកោះអាក់ទិកសម្បូររ៉ែមួយនេះ ៕