នៅក្នុងសំពត់តង់តូចមួយដែលតែងតែឮសំឡេងគ្រាប់កាំភ្លើងនៅក្បែរនោះ ក្មេងស្រី Tulin វ័យ ៧ឆ្នាំ ត្រៀមខ្លួនសម្រាប់ថ្ងៃដំបូងនៃការចូលសាលារៀនរបស់នាង ក្នុងរយៈពេល ២ឆ្នាំ ។
សម្រាប់កុមារភាគច្រើន វានឹងក្លាយជាពេលវេលាដ៏គួរឲ្យរំភើបមួយ ប៉ុន្តែសម្រាប់ក្មេងស្រី Tulin និងម្តាយរបស់នាង វាជាជំពូកនៃភាពភ័យខ្លាច ។
សង្រ្គាមឥតឈប់ឈររបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអប់រំភាគច្រើននៅតំបន់ហ្កាហ្សា បង្ខំឲ្យគ្រួសារបង្កើតសាលារៀនធ្វើពីសំពត់តង់បណ្តោះអាសន្នដែលប្រឈមនឹងគ្រោះថ្នាក់ពីកងកម្លាំងអ៊ីស្រាអែល គឺជាតំបន់កំណត់ដោយអ៊ីស្រាអែលថា ជាតំបន់បន្ទាត់ពណ៌លឿង ស្ថិតនៅភាគខាងលិចនៃបន្ទាត់បំបែកដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីគ្រោះថ្នាក់ ។
ម្តាយរបស់ក្មេងស្រី Tulin និយាយប្រាប់អ្នកស្រី Shady Shamieh ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera ថា ពេលដែលកូនស្រីរបស់គាត់បានចូលរៀនបែបនេះ និយាយតាមត្រង់គាត់ដើរទាំងការភ័យខ្លាច ។
អ្នកស្រីបន្តថា ច្រើនលើកច្រើនសារណាស់ដែលគាត់យល់ឃើញថា ខ្លួនឯងងាយរងគ្រោះ ពេលដើរតាមក្រោយកូនស្រី រហូតដល់នាងដើរដល់សាលារៀន ។ គាត់មានអារម្មណ៍ថា មាននូវគ្រោះថ្នាក់ ប៉ុន្តែគាត់ចង់ឲ្យកូនស្រីបានរៀនសូត្រនឹងគេ ។ បើសិនជាពុំជួបស្ថានការបែបនេះទេនោះ បច្ចុប្បន្នកូនស្រីរបស់គាត់បានរៀនថ្នាក់ទី ២ទៅហើយ ប៉ុន្តែពួកយើងបានតាំងចិត្តរួចជាស្រេច ។
ការធ្វើដំណើរទៅថ្នាក់រៀន គឺជាផ្លូវមរណៈសម្រាប់កុមារហ្កាហ្សា ។ ពេលដើរកាត់គំនរបាក់បែកអគារនៅតំបន់ Beit Lahiya ក្មេងស្រី Tulin ទទួលស្គាល់ថា នាងពិតជាមានការភ័យខ្លាចខ្លាំងណាស់ ។
ក្មេងស្រី Tulin និយាយថា ពេលនាងទៅសាលារៀន នាងខ្លាចក្រែងតែមានការបាញ់ប្រហារនោះទេ ។ នាងមិនអាចស្វែងរកជញ្ជាំងលាក់ខ្លួនបាននោះទេ ដើម្បីឲ្យនាងអាចគេចផុតពីគ្រាប់កាំភ្លើង ឬចំណាំងគ្រាប់បាន ៕