កាលពីថ្ងៃចន្ទម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនាំគ្នាលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅតាមជំរាលភ្នំធ្លាក់ព្រិល Montmartre ដោយពួកគេជិះក្តារអិល និងជិះស្គី ស្របពេលដែលព្រិលធ្លាក់បានគ្រប់ដណ្តប់ដងផ្លូវ និងសួនកម្សាន្តនៅក្នុងរដ្ឋធានីប្រទេសបារាំងមួយនេះ ។
ពលរដ្ឋមួយចំនួន មកកម្សាន្តលេងក្នុងសម្លៀកបំពាក់ជិះស្គី ខណៈពលរដ្ឋខ្លះទៀត កែឆ្នៃថង់ប្លាស្ទិកធ្វើជាឧបករណ៍ជិះស្គី នាំគ្នារំអិលលេងតាមជំរាលភ្នំនៅក្រោមព្រះវិហារនិមិត្តរូប Sacre-Coeur ។
យុវតី Nihel Salablab វ័យ ១៨ឆ្នាំ ដែលជានិស្សិតផ្នែកច្បាប់មួយរូប និយាយថា ពួកយើងបានរំអិលលើព្រិលដោយប្រើថង់ច្រកសម្រាម ហើយវាពិតជាត្រជាក់ខ្លាំងណាស់ ។
យុវតីម្នាក់នេះបន្តទៀតថា អ្នកមើលឃើញហើយថា អ្នករាល់គ្នាកំពុងលេងជាមួយព្រិល វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនអ្នកដូចជាកូនក្មេងម្តងទៀត ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យខ្លាំងណាស់ ។
ព្រិលធ្លាក់ បានផ្តល់ភាពសប្បាយរីយរាយជាខ្លាំងដល់អ្នកស្រុក និងភ្ញៀវទេសចរ ធ្វើឲ្យពួកគេមានឱកាសធ្វើមនុស្សព្រិល នៅទូទាំងទីក្រុងប៉ារីស ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុធ្លាក់ព្រិលខ្លាំងនេះ បង្កការលំបាកផងដែរដល់អ្នកដំណើរ ក្នុងនោះការកកស្ទះចរាចរណ៍ ត្រូវបានគេរាយការណ៍ថា បានកើតមានឡើងនៅតាមទីកន្លែងជាច្រើននៅតាមផ្លូវហាយវ៉េ ទូទាំងរដ្ឋធានីមួយនេះ ។ អាកាសយានដ្ឋានសំខាន់ ២កន្លែងនៅទីក្រុងប៉ារីស គឺអាកាសយានដ្ឋាន Charles de Gaulle និងអាកាសយានដ្ឋាន Orly បានកាត់បន្ថយជើងហោះហើរចំនួន ១៥ភាគរយ ដោយសារព្រិលធ្លាក់ខ្លាំង ។
សេវាកម្មឧតុនិយមជាតិបារាំង បានចេញការព្រមានពីព្រិល និងទឹកកកនៅទូទាំងរដ្ឋធានីប៉ារីស ហើយនិងតំបន់ខ្លះទៀតនៅភាគពាយ័ព្យប្រទេសបារាំង ក្នុងនោះស្ថានភាពអាកាសធាតុគ្រោះថ្នាក់ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានពេញមួយថ្ងៃអង្គារនេះ និងនៅថ្ងៃពុធ ៕