ទិន្នន័យគយបានបង្ហាញថា ប្រទេសវ៉េណេស៊ុយអេឡា បានដឹកជញ្ជូនមាសដែលមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស (ប្រមាណ ៥,២០ ពាន់លានដុល្លារអាមេរិក) ទៅកាន់ប្រទេសស្វីស ក្នុងអំឡុងឆ្នាំដំបូងៗនៃរបបដឹកនាំរបស់ប្រធានាធិបតីដែលត្រូវបណ្តេញចេញពីតំណែង គឺលោក Nicolas Maduro។

យោងតាមទិន្នន័យដែលត្រួតពិនិត្យដោយសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ បានបញ្ជូនលោហៈដ៏មានតម្លៃនោះទម្ងន់ ១១៣តោន ទៅកាន់ ស្វីស ចាប់ពីឆ្នាំ២០១៣ - គឺនៅពេលលោក Maduro បានឡើងកាន់តំណែង - រហូតដល់ឆ្នាំ២០១៦។ សារព័ត៌មានស្វីស SRF បាននិយាយថា មាសទាំងនេះមានប្រភពមកពីធនាគារកណ្តាលវ៉េណេស៊ុយអេឡា នៅពេលដែលរដ្ឋាភិបាលកំពុងលក់មាសចេញពីឃ្លាំង ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន។

ទិន្នន័យគយបង្ហាញថា ពុំមានការនាំចេញមាសពីវ៉េណេស៊ុយអេឡាទៅកាន់ស្វីសទៀតទេ ចាប់ពីឆ្នាំ២០១៧ ពោលគឺនៅពេលទណ្ឌកម្មរបស់សហភាពអឺរ៉ុបត្រូវបានដាក់ រហូតដល់ឆ្នាំ២០២៥ កន្លងទៅ។ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ស្វីសបានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិនៅក្នុងប្រទេសនេះដែលកាន់កាប់ដោយលោក Maduro និងបក្ខពួកចំនួន ៣៦នាក់ផ្សេងទៀត ប៉ុន្តែមិនផ្តល់ព័ត៌មានណាមួយអំពីតម្លៃ ឬប្រភពនៃមូលនិធិនោះទេ។

គេមិនទាន់ដឹងឡើយថា តើមានទំនាក់ទំនងណាមួយរវាងទ្រព្យសម្បត្តិបែបនេះ និងមាសដែលផ្ទេរពីធនាគារកណ្តាលនោះឬអត់។ របាយការណ៍របស់កាសែតស្វីស SRF បាននិយាយថា មាសទាំងនោះ ដែលមកពីទុនបម្រុងរបស់វ៉េណេស៊ុយអេឡា ទំនងជាត្រូវបានផ្ទេរទៅស្វីស សម្រាប់ការកែច្នៃ ការបញ្ជាក់ និងការដឹកជញ្ជូនបន្តទៀត។ ស្វីស គឺជាមជ្ឈមណ្ឌលចម្រាញ់មាសធំជាងគេបំផុតមួយរបស់ពិភពលោក ដោយប្រទេសនេះមានរោងចក្រចម្រាញ់មាសធំៗចំនួន ៥កន្លែង។
គួរឱ្យដឹងថា លោក Maduro ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក ក្នុងការវាយឆ្មក់មួយនៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា ហើយកំពុងប្រឈមនឹងការចោទប្រកាន់ក្នុងតុលាការញូវយ៉ក រួមទាំងបទជួញដូរគ្រឿងញៀន និងភេរវកម្មគ្រឿងញៀនជាដើម៕