មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់វ៉េណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado បានសន្យាថា នឹងវិលត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់បំផុត ដោយលើកសរសើរប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការផ្តួលរំលំគូប្រជែងរបស់ខ្លួន គឺលោក Nicolas Maduro និងប្រកាសថា ចលនារបស់លោកស្រី ត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះការបោះឆ្នោតដោយសេរី។

យ៉ាងណាមិញ ការបោះឆ្នោតហាក់ពុំមានពន្លឺនោះទេ ដោយលោក Trump សង្ឃឹមថា នឹងបន្តធ្វើការជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីរដ្ឋាភិបាលលោក Maduro ដែលធ្វើឱ្យក្រុមប្រឆាំងខកចិត្ត និងរួមចំណែកដល់ភាពភ័យស្លន់ស្លោនៅវ៉េណេស៊ុយអេឡា។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាពីការនាំចេញប្រេងឆៅរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់អាមេរិក នេះបើយោងតាមប្រភពរដ្ឋាភិបាល ឧស្សាហកម្ម និងការដឹកជញ្ជូន បានប្រាប់សារព័ត៌មានរ៉យទ័រ។
លោកស្រី Machado វ័យ ៥៨ឆ្នាំ — ដែលបានក្លែងខ្លួនរត់គេចពីវ៉េណេស៊ុយអេឡា កាលពីខែតុលាកន្លងទៅ ដើម្បីទៅទទួលរង្វាន់ណូបែលសន្តិភាព — បាននិយាយថា «លោកស្រីមានគម្រោងត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញឱ្យឆាប់តាមដែលអាចធ្វើទៅបាន»។ ថ្លែងក្នុងកម្មវិធីរបស់ទូរទស្សន៍ Fox News លោកស្រីបន្តថា «ការផ្លាស់ប្តូរនេះគួរតែឈានទៅមុខ ... នៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌» ដោយសម្ដែងទំនុកចិត្តថា ក្រុមរបស់លោកស្រីនឹងឈ្នះសំឡេងឆ្នោត «លើសពី ៩០%»។
លោក Trump បាននិយាយរួចហើយថា សហរដ្ឋអាមេរិកត្រូវជួយដោះស្រាយបញ្ហារបស់វ៉េណេស៊ុយអេឡាជាមុនសិន មុនពេលមានការបោះឆ្នោត ដោយហៅការកំណត់បោះឆ្នោតក្នុងរយៈពេល ៣០ថ្ងៃ ថាមិនជាក់ស្ដែងទាល់តែសោះ៕

