ការប្រយុទ្ធគ្នាយ៉ាងហិង្សាបានផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងទីក្រុងអាឡិបប៉ូ (Aleppo) ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអង្គារ (៦ មករា) បណ្តាលឱ្យមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ បានស្តីបន្ទោសដាក់គ្នាទៅវិញទៅមក ចំពោះអំពើហិង្សានេះ។

ការប៉ះទង្គិចទាំងនេះ គឺជាករណីចុងក្រោយបំផុត ដែលបានផ្ទុះឡើងក្នុងក្រុងអាឡិបប៉ូ ខណៈក្រុមមន្ត្រីកំពុងខិតខំជំរុញកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការបាក់បែកដ៏ជ្រៅបំផុតរបស់ស៊ីរី តាមរយៈការរួមបញ្ចូលគ្នានៃកងកម្លាំង SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក ទៅក្នុងរដ្ឋាភិបាលកណ្តាលថ្មី។

កងកម្លាំង SDF ស្ទាក់ស្ទើរក្នុងការបោះបង់ចោលស្វ័យភាព ដែលខ្លួនទទួលបានក្នុងអំឡុងសង្គ្រាម ១៤ឆ្នាំដ៏បង្ហូរឈាមរបស់ស៊ីរី។ បរាជ័យក្នុងការធ្វើសមាហរណកម្ម SDF ទៅក្នុងកងទ័ពជាតិ ប្រឈមនឹងការកើតមានអំពើហិង្សាបន្ថែមទៀត ហើយអាចអូសទាញប្រទេសទួរគីផងដែរ ដែលបានគំរាមបើកប្រតិបត្តិការប្រឆាំងនឹងយុទ្ធជនឃឺដ ដែលខ្លួនចាត់ទុកថាជាភេរវករ។

ក្រោយការប៉ះទង្គិចដ៏បង្ហូរឈាមចុងក្រោយនេះ ក្រសួងការពារជាតិស៊ីរី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង SDF បានបន្ត «បង្កើនភាពតានតឹង» ដោយកំណត់គោលដៅទីតាំងកងទ័ព និងតំបន់លំនៅដ្ឋាន នៅក្នុងទីក្រុងអាឡិបប៉ូ។ កងកម្លាំង SDF បានបដិសេធការទទួលខុសត្រូវ ដោយចោទបកទៅវិញថា ការស្លាប់និងរបួសទាំងនោះ បណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំ និងមីស៊ីល «ដោយមិនរើសមុខ» ពីសំណាក់ក្រុមដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលទីក្រុងដាម៉ាស៕