យោងតាមទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិក បានបង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ប្រឈមនឹងលទ្ធភាពនៃការសងប្រាក់ពន្ធត្រឡប់ទៅវិញជាង ១៣៣,៥ ពាន់លានដុល្លារ ដល់អ្នកនាំចូល ប្រសិនបើតុលាការកំពូលចេញសាលប្រកាសថា ពន្ធដែលលោកបានដាក់ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) កាលពីឆ្នាំមុន គឺជារឿងខុសច្បាប់។

នោះគឺជាចំនួនសរុប ដែលបានវាយតម្លៃរហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលទីភ្នាក់ងារនេះ ចេញផ្សាយព័ត៌មានចុងក្រោយបំផុតរបស់ខ្លួនលើការនាំចូល ចាប់តាំងពីលោក Trump បានដាក់ពន្ធជាលើកដំបូង កាលពីខែកុម្ភៈ ឆ្នាំមុន ក្រោមច្បាប់ទណ្ឌកម្មសេដ្ឋកិច្ចឆ្នាំ១៩៧៧ ពោលគឺជាច្បាប់ដែលប្រើប្រាស់តែក្នុងអំឡុងពេលមានអាសន្នជាតិប៉ុណ្ណោះ។

តុលាការ — ដែលកាលពីខែវិច្ឆិកាកន្លងទៅ បានស្តាប់សវនាការអំណះអំណាងទាក់ទងនឹងភាពស្របច្បាប់នៃពន្ធក្រោមច្បាប់ IEEPA របស់លោក Trump — បានកំណត់ពេលចេញសេចក្តីសម្រេចនៅក្នុងសំណុំរឿងមួយចំនួនទាក់ទងនឹងពន្ធ នៅថ្ងៃសុក្រ (៩ មករា) សប្ដាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ឡើយថាជាសំណុំរឿងណាខ្លះ។

គេមិនច្បាស់ទេថា តើតុលាការកំពូលអាមេរិក នឹងបង្គាប់ឱ្យសងប្រាក់ត្រឡប់ទៅវិញដែរឬទេ ប្រសិនបើតុលាការចាត់ទុកថា ពន្ធទាំងនោះជារឿងខុសច្បាប់ ហើយក៏មិនច្បាស់ដែរថា តើតុលាការកំពូលអាចទុកបញ្ហានោះឱ្យតុលាការជាន់ទាប ឬរដ្ឋាភិបាលសហព័ន្ធជាអ្នកដោះស្រាយវិញឬយ៉ាងណា៕