អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងសមភាគីអាហ្សង់ទីន លោក Pablo Quirno បានធ្វើការសន្ទនាតាមទូរស័ព្ទ ដោយពិភាក្សាអំពីប្រតិបត្តិការយោធា ដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា។

សេចក្តីថ្លែងការណ៍នេះបានដកស្រង់សម្តីរបស់លោក Pigott ដែលបាននិយាយថា៖«ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Pablo Quirno ដើម្បីពិភាក្សាអំពីប្រតិបត្តិការអនុវត្តច្បាប់ដែលមានគោលដៅនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី ០៣ ខែមករានេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«រដ្ឋមន្ត្រីការបរទេសលោក Rubio បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសលោក Quirno ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់ប្រទេសអាហ្សង់ទីន ដើម្បីប្រឆាំងនឹងភេរវកម្មគ្រឿងញៀន និងពង្រឹងសន្តិសុខនៅក្នុងតំបន់របស់យើង»។
កាលពីថ្ងៃទី ០៣ ខែមករា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស ។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានដោយយោធា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាស នៅក្នុងប្រទេសនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសរបស់លោកបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា។ យោងតាមលោក ត្រាំ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេសនេះ៕

