កងជីវពលប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីស្រាអែល នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានសម្លាប់ប្រតិបត្តិកររបស់ក្រុមហាម៉ាសចំនួន ២នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលជាការបង្ហាញនូវការប្រឈមថ្មី សម្រាប់ក្រុមហាម៉ាស បន្ទាប់ពីអ៊ីស្រាអែលបានផ្តល់អំណាចដល់គូប្រជែងរបស់ខ្លួន នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។

ក្រុមប្រដាប់អាវុធដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំង Popular Forces បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការវាយឆ្មក់នៅទីក្រុង Rafah ដោយបានសម្លាប់សមាជិករបស់ក្រុមហាម៉ាស ២នាក់ ដែលមិនព្រមចុះចាញ់ និងឃុំខ្លួនអ្នកទី៣។ ក្រុមនេះបានចែករំលែករូបថតមួយ ដែលខ្លួនប្រាប់ថា ជារូបភាពនៃបុរសម្នាក់ដែលត្រូវបានសម្លាប់។
ក្រុមហាម៉ាស ដែលដាក់ឈ្មោះក្រុមបែបនេះថា ជា «ក្រុមឃុបឃិត» បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងការអះអាងនេះ។ ទីក្រុង Rafah ស្ថិតនៅក្នុងដែនដីគ្រប់គ្រងដោយអ៊ីស្រាអែលក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអ៊ីស្រាអែល-ហាម៉ាស កាលពីខែតុលាឆ្នាំមុន។
កងកម្លាំង Popular Forces ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជនជាតិភាគតិច Bedouin ប្រឆាំងក្រុមហាម៉ាស គឺលោក Yasser Abu Shabab ត្រូវបានគេជឿថា ជាក្រុមដ៏ធំបំផុតដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល៕
