នាថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាឲ្យកងកម្លាំងសន្តិសុខកុំបង្ក្រាបការតវ៉ា ជុំវិញបញ្ហាសេដ្ឋកិច្ច ដោយជំរុញឲ្យបែងចែកឲ្យដាច់នូវភាពខុសគ្នា រវាងបាតុករសន្តិវិធី និង «កុបករ» ប្រដាប់អាវុធ។
នៅក្នុងវីដេអូដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Mehr បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុប្រធានាធិបតី លោក Mohammad Jafar Ghaempanah បានប្រាប់ឲ្យដឹងថា លោក Pezeshkian «បានបញ្ជាថា មិនត្រូវមានវិធានការសន្តិសុខណាមួយ ប្រឆាំងនឹងក្រុមបាតុករនោះទេ»។
លោក Ghaempanah បានបន្ថែមថា៖ «អ្នកដែលមានអាវុធ កាំបិត និងផ្គាក់ ហើយដែលវាយប្រហារប៉ុស្តិ៍នគរបាល និងទីតាំងយោធា គឺជាកុបករ ហើយយើងត្រូវតែបែងចែកឲ្យដាច់ រវាងក្រុមបាតុករ និងក្រុមកុបករ»។
គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី៦ ខែមករា) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នៅឯផ្សារទីក្រុងតេអេរ៉ង់ ខណៈដែលអង្គការក្រៅរដ្ឋាភិបាលមួយ បានប្រាប់ឲ្យដឹងថា មនុស្សជិត ៣០នាក់ ត្រូវបានសម្លាប់ អំឡុងការបង្ក្រាបលើការតវ៉ាដ៏ធំបំផុត ដែលកើតមាននៅសាធារណរដ្ឋឥស្លាមជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ។
ការតវ៉ាបានចាប់ផ្តើមកើតមានឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រុមអាជីវកម្មបានបិទផ្សារ នៅទីក្រុងតេអេរ៉ង់ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ។ ចាប់តាំងពីពេលនោះមក ចលនាបានរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕