រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់បារាំងចំពោះដែនដីហ្គ្រីនលែន (Greenland) ដោយសង្កត់ធ្ងន់ថា ហ្គ្រីនលែនមិនមែនសម្រាប់លក់ទេ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងកាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Barrot បាននិយាយថា ហ្គ្រីនឡែនជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋហ្គ្រីនឡែន ហើយអនាគតរបស់ដែនដីនេះ នឹងត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមអាជ្ញាធរហ្គ្រីនលែន និងដាណឺម៉ាក។
លោក Barrot បាននិយាយថា វាមិនសមហេតុផលទាល់តែសោះសម្រាប់ប្រទេសសមាជិកណាតូវាយប្រហារប្រទេសជាសមាជិកណាតូមួយផ្សេងទៀត ហើយវានឹងផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។ លោក Barrot បានបន្ថែមថា លោកបានច្រានចោលលទ្ធភាពនៃអ្វីដែលទើបតែកើតឡើងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើតឡើងនៅក្នុងតំបន់ហ្គ្រីនលែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូឡាញ ឡេវីត (Karoline Leavitt) បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង ជម្រើសជាច្រើន ដើម្បីទិញយកហ្គ្រីនលែនរបស់ប្រទេសដាណឺម៉ាក រួមទាំងការប្រើប្រាស់យោធាអាមេរិក៕

