សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ៧មករាសប្ដាហ៍នេះ បានចុះហត្ថលេខាលើសេចក្តីប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការមិនមែនអង្គការសហប្រជាជាតិចំនួន៣៥ និងអង្គភាពអង្គការសហប្រជាជាតិចំនួន៣១ ដែលធ្វើប្រតិបត្តិការផ្ទុយពីផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។

សេតវិមានមិនបានរាយបញ្ជីអង្គការទាំងនោះទេ ប៉ុន្តែបាននិយាយថាអង្គការទាំងនោះលើកកម្ពស់ គោលនយោបាយអាកាសធាតុជ្រុលនិយ អភិបាលកិច្ចសកល និងកម្មវិធីមនោគមវិជ្ជាដែលមានជម្លោះជាមួយអធិបតេយ្យភាព និងកម្លាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។សេចក្ដីថ្លែងការណ៍នោះនិយាយថា ចំណាត់ការនេះគឺជាលទ្ធផលនៃការពិនិត្យឡើងវិញនូវអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ដែលសហរដ្ឋអាមេរិកជាសមាជិក ឬភាគីពាក់ព័ន្ធ។
សេតវិមាននិយាយថា ការដកទាំងនេះនឹងបញ្ចប់ការផ្តល់មូលនិធិរបស់អ្នកជាប់ពន្ធអាមេរិក និងការចូលរួមក្នុងអង្គភាពដែលជំរុញរបៀបវារៈសកលនិយមលើសពីអាទិភាពរបស់សហរដ្ឋអាមេរិក ឬដែលដោះស្រាយបញ្ហាសំខាន់ៗដោយមិនមានប្រសិទ្ធភាព ឬគ្មានភាពត្រឹមត្រូវ ដូច្នេះប្រាក់របស់អ្នកជាប់ពន្ធអាមេរិកត្រូវបានបែងចែកយ៉ាងល្អបំផុតតាមវិធីផ្សេងទៀតដើម្បីគាំទ្របេសកកម្មពាក់ព័ន្ធ។សេតវិមានពុំបានឆ្លើយតបភ្លាមៗទេ នៅពេលត្រូវបានស្នើសុំព័ត៌មានលម្អិតបន្ថែម និងបញ្ជីអង្គការទាំងនោះ។ចាប់តាំងពីចាប់ផ្តើមអាណត្តិទីពីររបស់លោកកាលពីមួយឆ្នាំមុន លោក Trump បានព្យាយាមកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសហប្រជាជាតិ បញ្ឈប់ការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន UNRWA និងចាកចេញពីទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO។ លោកក៏បានប្រកាសពីផែនការចាកចេញពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ៕

