រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគំរាមកំហែងសកម្មភាពយោធាដាក់ប្រទេសកូឡុំប៊ី លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ (៧ មករា) បាននិយាយថា ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់មេដឹកនាំកូឡុំប៊ី លោក Gustavo Petro ដើម្បីធ្វើទស្សនកិច្ចនៅសេតវិមាន ក្រោយពីមានកិច្ចសន្ទនាតាមទូរសព្ទមួយ ដែលពិភាក្សាអំពីទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបូហ្គោតា ស្របពេលភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង។

នោះជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងប្រធានាធិបតីទាំងពីរ ចាប់តាំងពីលោក Trump បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ផ្តោតលើរដ្ឋាភិបាលកូឡុំប៊ី «ស្តាប់ទៅដូចជាល្អដែរ» សម្រាប់លោក បន្ទាប់ពីសកម្មភាពនៅវ៉េណេស៊ុយអេឡា។

លោក Trump បានសរសេរលើបណ្តាញសង្គមថា៖ ជាកិត្តិយសដ៏ធំធេងដែលបានពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ី Gustavo Petro ដែលបានពន្យល់ប្រាប់លោក ពីស្ថានភាពគ្រឿងញៀន និងការមិនចុះសម្រុងគ្នាផ្សេងទៀត។ លោកបន្ថែមថា «ការរៀបចំកំពុងធ្វើឡើង» សម្រាប់កិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន រវាងរូបលោក និងលោក Petro ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះទេ។

លោក Petro បានប្រាប់អ្នកគាំទ្រនៅទីក្រុងបូហ្គោតាថា «មេដឹកនាំទាំងពីរបានជជែកតាមទូរសព្ទជាលើកដំបូង ចាប់តាំងពីលោក Trump បានក្លាយជាប្រធានាធិបតី” ដោយបន្ថែមថា លោកបានស្នើឱ្យមានការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញរវាងប្រទេសទាំងពីរ។
គួរឱ្យដឹងថា ទំនាក់ទំនងរវាងលោក Trump និងលោក Petro មានភាពត្រជាក់ស្រេបយ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានវិលត្រឡប់ទៅសេតវិមានវិញ។ លោក Trump បានចោទប្រកាន់ម្តងហើយម្តងទៀត ដោយគ្មានភស្តុតាងថា រដ្ឋបាលលោក Petro បានអនុញ្ញាតឱ្យមានលំហូរកូកាអ៊ីនជាបន្តបន្ទាប់ ចូលទឹកដីអាមេរិក៕