រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូថា រដ្ឋាភិបាលជប៉ុនគាំទ្រការបន្តការសន្ទនាជាមួយរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាទ្វេភាគី ដែលមានជាយូរមកហើយនោះ។

លោក Kihara បាននិយាយថា៖«ទំនាក់ទំនងជប៉ុន-រុស្ស៊ីបច្ចុប្បន្ន គឺស្ថិតក្នុងស្ថានភាពលំបាក»។ «មានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយ រួមទាំងការទៅទស្សនាផ្នូរដូនតា និងបញ្ហាទាក់ទងនឹងការនេសាទ។ យើងជឿជាក់ថា វាចាំបាច់ក្នុងការរក្សាការផ្លាស់ប្តូរទស្សនៈឲ្យបានត្រឹមត្រូវជាមួយរុស្ស៊ី»។
លោក Kihara ក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានជួបជាមួយលោក Muneo Suzuki សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ដែលបានទៅទស្សនាទីក្រុងមូស្គូ នៅចុងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចនេះ ឬលើខ្លឹមសារនៃកិច្ចពិភាក្សារបស់លោក Suzuki ជាមួយនាយករដ្ឋមន្ត្រីនោះទេ។
បន្ទាប់ពីកិច្ចប្រជុំ លោក Suzuki បាននិយាយថា លោកស្រី Takaichi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាមួយរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo។
ចាប់តាំងពីឆ្នាំ ២០២២ ទីក្រុងតូក្យូបានដាក់ទណ្ឌកម្មជាច្រើនជុំលើរុស្ស៊ី ដែលនាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ជាការឆ្លើយតប ទីក្រុងមូស្គូបានផ្អាកការពិគ្រោះយោបល់ជាមួយប្រទេសជប៉ុនលើសន្ធិសញ្ញាសន្តិភាព ហើយបានដកខ្លួនចេញពីការចរចាលើសកម្មភាពសេដ្ឋកិច្ចរួមគ្នា នៅភាគខាងត្បូងនៃប្រជុំកោះ Kuril ។ ដំណើរទស្សនកិច្ចទៅកាន់កោះទាំងនោះដោយអតីតអ្នកស្រុកជប៉ុន ក៏ត្រូវបានផ្អាកផងដែរ៕
