ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រ (៩ មករា) នេះថា អាជ្ញាធរនៅខេត្តយ៉ាម៉ាណាស៊ី (Yamanashi) ភាគកណ្តាលនៃប្រទេសជប៉ុន បានចេញបទបញ្ជាឱ្យប្រជាជនជិត ១៥០នាក់ ជម្លៀចេញជាបន្ទាន់ បន្ទាប់ពីការផ្ទុះឡើងនៃចំហេះព្រៃនៅលើភ្នំអ៊ូហ្គី (Ougi) កាលពីថ្ងៃព្រហស្បតិ៍។

គិតត្រឹមព្រឹកថ្ងៃសុក្រ (ពេលវេលាក្នុងស្រុក) ពុំមានរបាយការណ៍អំពីការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ឬផ្ទះសម្បែងជុំវិញនោះ ឬក៏អ្នករបួសឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាតិ NHK របស់ជប៉ុន បានឱ្យដឹងថា កងកម្លាំងស្វ័យការពាររបស់ជប៉ុន បានដាក់ពង្រាយឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អណ្តាតភ្លើងនៅទីនោះ។
អាជ្ញាធរពន្លត់អគ្គិភ័យក្នុងតំបន់បានបញ្ជាក់ថា ចំហេះនោះត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោងក្នុងស្រុកប្រហែល ១០:៤០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ដោយអ្នកស្រុកម្នាក់ ដែលបានសម្គាល់ឃើញផ្សែងហុយនៅលើភ្នំ ហើយអណ្ដាតភ្លើងបានរាលដាលឆាប់រហ័ស ដល់យ៉ាងហោចណាស់ ១៥០ម៉ែត្រ ប៉ុណ្ណោះពីតំបន់លំនៅដ្ឋានមួយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕
