កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ បានអោយដឹងថា ទឹកទន្លេឆ្នាំនេះឡើងខ្ពស់ ទឹកហូរចូលអាងស្តុកទឹកពេញល្អ អំណោយផលដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក៏ប៉ុន្តែនៅអំឡុងខែកុម្ភៈ មន្ទីរកសិកម្ម នឹងពិនិត្យមើលម្តងទៀតថាកន្លែងណាខ្លះអាចធ្វើស្រែប្រាំងបាន២ដង និងកន្លែងណាខ្លះបានតែមួយដង។
លោក ងិន ហ៊ុន បានបន្តថា៖ ទឹកទន្លេសាបក្នុងឆ្នាំ២០២៥កន្លងមកនេះ បានឡើងខ្ពស់ជាងឆ្នាំកន្លងទៅ នាំអោយអាងស្តុកទឹកតាមបណ្តោយទន្លេសាបទាំងអស់ បានទទួលទឹកពេញបរិបូណ៌ ដែលកត្តានេះជាអំណោយផលយ៉ាងល្អសំរាប់ប្រជាកសិករធ្វើស្រែប្រាំង និងដាំដំណាំរួមផ្សំ តែក៏មិនត្រូវប្រើប្រាស់ទឹកខ្ជះខ្ជាយនោះដែរ។ លើសពីនេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏នឹងពិនិត្យមើលតំបន់ធ្វើស្រែប្រាំងមួយចំនួន ថាតើអាចធ្វើបាន២ដងបានទេ ដើម្បីជួយការចំណាយរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលឆ្នាំនេះ។
មកដល់ដើមខែមករា ឆ្នាំ២០២៦ ការបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករខេត្តកំពង់ឆ្នាំង បានចំនួន៦៥,៦១ហិកតា ស្មើនឹង៣២ ២៨០ហិកតា លើផែនការ៤៩ ២០០ហិកតា ខណៈស្រូវប្រាំងកំពុងដុះលូតលាស់ល្អប្រសើរ ដោយសារឆ្នាំនេះមានអំណោយផលពីទឹកទន្លេ និងមិនមានការរងផលប៉ះពាល់ពីបញ្ហាផ្សេងៗនោះឡើយ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តថា ក្រៅពីដាំដុះស្រូវប្រាំងហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត និងមួយចំណែកទៀតទុកសំរាប់ផ្គត់ផ្គង់វីរកងទ័ព គ្រួសារវីរកងទ័ព និងជនភៀសសឹក៕ កាំង ហុងវាស្នា