ក្រុមលេខពីរ Al-Nassr បានរងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Al-Qadsiah ក្នុងទឹកដីខ្លួនឯង ២-១ នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។
កីឡាករព័រទុយហ្កាល់ទាំងពីរ Cristiano Ronaldo និង Joao Felix សុទ្ធតែមានឱកាសដូចគ្នានៅវគ្គទីមួយ តែមិនអាចរកគ្រាប់បាល់បាន ខណៈវគ្គទីមួយបញ្ចប់ទៅដោយ ០-០។
ការប្រែប្រួលកើតឡើងនៅវគ្គទីពីរនៅនាទីទី ៥១ នៅពេលអ្នកចាំទី Al-Nassr, Nawaf Al-Aqidi ធ្វើឱ្យមានកំហុស និងឆក់ឱកាសដោយ Julian Quinones មុនពេលដែល Nahitan Nandez បន្ថែមគ្រាប់នាំមុខ ២-០ ឱ្យ Al-Qadsiah នៅនាទីទី ៦៦។
ឈានដល់នាទីទី ៨១ Cristiano Ronaldo ស៊ុតបាល់ពិន័យ ១១ ម៉ែត្របានមួយគ្រាប់តាមពីក្រោយ តែមិនមានអ្វីលើសពីនេះឡើយ ខណៈការប្រកួតបញ្ចប់ដោយ Al-Qadsiah យកឈ្នះនៅផ្ទះ Al-Nassr ២-១។
នេះជាបរាជ័យពីរប្រកួតជាប់គ្នាសម្រាប់ Al-Nassr រដូវកាលនេះ គិតត្រឹមសប្តាហ៍ទី ១៣ ខណៈពួកគេកំពុងឈរលេខពីរតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ៤ ពិន្ទុ។
Al-Hilal បានយកឈ្នះ Al-Hazm ៣-០ បន្តឈរលេខមួយ ខណៈលេខបី Al-Taawoun មាន ២៨ ពិន្ទុ ឯលេខបួនគឺ Al-Qadsiah ដែលស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Liverpool លោក Brendan Rodgers៕
អត្ថបទ៖នាង សុភាវុធ

