ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) បាននិយាយថា ការវាយប្រហារតាមផ្លូវគោក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន កំពុងដំណើរការ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងសមុទ្រការ៉ាអ៊ីព តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
អំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Trump បានប្រាប់ពិធីករ លោក Sean Hannity ថា៖ «យើងនឹងចាប់ផ្តើមវាយប្រហារតាមផ្លូវគោកឥឡូវនេះ ទាក់ទងនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រុមជួញដូរគ្រឿងញៀន កំពុងមានប្រតិបត្តិការនៅប្រទេសម៉ិកស៊ិក»។

ការអត្ថាធិប្បាយបែបនេះរបស់លោក Trump បានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicholas Maduro កាលពីចុងសប្តាហ៍មុន ដែលជាដំណាក់កាលកម្រិតកំពូលនៃការបង្កើនសម្ពាធទាំងផ្នែកយោធា និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែលើមេដឹកនាំឆ្វេងនិយម។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធនាការនោះ ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិក បានសម្លាប់មនុស្សជាង ១០០នាក់ នៅក្នុងការវាយប្រហារលើទូកដែលត្រូវបានចោទប្រកាន់ថា ដឹកគ្រឿងញៀន ហើយលោក Trump ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងសហរដ្ឋអាមេរិ កបានធ្វើការវាយប្រហារតាមផ្លូវគោកលើតំបនើដែលនាវាបែបនេះចូលចត នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ តែការវាយប្រហារលើក្រុមជួញដូរគ្រឿងញៀន នៅម៉ិកស៊ិក នឹងជាការកើនឡើងនូវភាពតានតឹងផ្នែកយោធាអាមេរិកដ៏ធំមួយ៕

