ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានលុបចោលការវាយប្រហាររលកទី២ លើវ៉េណេស៊ុយអេឡា បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការពីប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោកប្រធានាធិបតី នៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា វ៉េណេស៊ុយអេឡាកំពុងដោះលែងអ្នកទោសនយោបាយមួយចំនួនធំ ដែលជាសញ្ញានៃ «ការស្វែងរកសន្តិភាព» បន្ទាប់ពីមានប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលបាននាំឲ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro។
លោក Trump បានឲ្យដឹងនៅលើបណ្ដាញសង្គម Truth Social ថា៖ «នេះគឺជាកាយវិការដ៏សំខាន់ និងឆ្លាតវៃណាស់។ សហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាកំពុងធ្វើការរួមគ្នាបានយ៉ាងល្អ ជាពិសេសទាក់ទងនឹងការកសាងឡើងវិញ ក្នុងទម្រង់ធំជាងមុន ប្រសើរជាងមុន និងទំនើបជាងមុន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់ពួកគេ»។
តាមរយៈការបង្ហោះនោះ លោកបានបន្ថែមថា៖ «ដោយសារតែកិច្ចសហប្រតិបត្តិការនេះ ខ្ញុំបានលុបចោលការវាយប្រហាររលកទី២ ដែលត្រូវបានរំពឹងថា នឹងមាននៅមុននេះ ព្រោះមើលទៅដូចជាវាមិនចាំបាច់ទៀតទេ។ តែនាវាទាំងអស់នឹងចតនៅនឹងកន្លែង សម្រាប់គោលបំណងសុវត្ថិភាព និងសន្តិសុខ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Trump នេះ បានកើតមានប៉ុន្មានម៉ោងបន្ទាប់ពីលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍ ក្នុងកម្មវិធី «Hannity» របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោកស្រី Maria Corina Machado នឹងបង្ហាញវត្តមាននៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ បន្ទាប់ពីបានបដិសេធគំនិតធ្វើការជាមួយលោកស្រី នៅមុននេះ ដោយនិយាយថា «លោកស្រីមិនមានការគាំទ្រ ឬការគោរពនៅក្នុងប្រទេសនោះទេ»៕