
អង្គការក្រៅរដ្ឋាភិបាល(NGO) និងអង្គការជំនួយមនុស្សធម៌ បានព្រមានថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងត្រូវការបន្ទាន់ជំនួយមនុស្សធម៌ ពេលដែលសង្រ្គាមនៅរដ្ឋអាហ្វ្រិកខាងកើតមួយនេះ ឈានចូលដល់ថ្ងៃទី ១ពាន់ ។
NGO និយាយនៅថ្ងៃសុក្រនេះថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា និងការកាត់បន្ថយជំនួយសកល បានជំរុញឲ្យមនុស្សជាង ៣៣លាននាក់ឆ្លាក់ទៅក្នុងភាពអត់ឃ្លាន ជាអ្វីដែលស្ថិតក្នុងចំណោមវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ។
ដោយព្រមានថា វិបត្តិអត់ឃ្លានស៊ូដង់នឹងឈានដល់កម្រិតពុំធ្លាប់មានពីមុនមកនោះ NGO បានអំពាវនាវឲ្យរដ្ឋាភិបាលសកលលោកបង្កើនកិច្ចខិតខំ ដើម្បីបញ្ចប់សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានចាប់ផ្តើមឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ។
ភាគីទាំង ២ រងការចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈដែលកងកម្លាំង RSF បានប្រព្រឹត្តអំពើឃោឃៅនៅតំបន់ Darfurដែលអង្គការសហប្រជាជាតិ(UN)និយាយថា វាអាចរាប់បញ្ចូលថាជាអំពើប្រល័យពូជាសាសន៍ ។
ការវាយប្រហារកាលពីពេលកន្លងទៅរបស់កងកម្លាំង RSF នៅរដ្ឋ Darfur និងរដ្ឋ Kordofan បានធ្វើឲ្យមនុស្សរាប់លាននាក់បន្ថែមទៀត បានរត់ភៀសខ្លួន ។
ការវាយតម្លៃថ្មីរបស់ UN នៅរដ្ឋ North Darfur បង្ហាញថា ក្មេងៗជាងកន្លះលាននាក់ ជួបកង្វះអាហារូបត្ថម្ភ ដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតពុំធ្លាប់បានកត់ត្រានៅជុំវិញពិភពលោក ៕