សម្រាប់លោក Hani Naim មិនត្រឹមតែរង់ចាំការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែរូបលោករង់ចាំការអនុញ្ញាតឲ្យសង្រ្គោះអាយុជីវិតរបស់លោកផងដែរ ។ រស់នៅជាមួយជំងឺមហារីកអស់រយៈពេល ៦ឆ្នាំមកហើយ លោក Naim ត្រូវបានគេយល់ព្រមឲ្យទៅព្យាបាលនៅក្រៅប្រទេស ។
ប៉ុន្តែដូចគ្នានឹងអ្នកជំងឺជាង ១ម៉ឺននាក់ផ្សេងទៀតដែរ លោកបន្តជាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ត្រូវបានគេរារាំងពីការចាកចេញ ដោយសារការរឹតត្បិតដ៏រឹងរឹងរបស់អ៊ីស្រាអែល ។
លោក Naim និយាយប្រាប់អ្នកស្រី Tareq Abu Azzoum ដែលជាអ្នកឆ្លងឆ្លងព័ត៌មានរបស់កាសែត Al Jazeera ថា លោកធ្លាប់ទទួលការព្យាបាលនៅតំបន់កាន់កាប់វ៉េសប៊ែង និងទីក្រុងហ្សេរុយសាឡឹម ប៉ុន្តែសព្វថ្ងៃនេះ លោកពុំទទួលបានការព្យាបាលណាមួយទាល់តែសោះ ។ លោកត្រូវការការព្យាបាលដោយវិទ្យុសកម្ម ហើយវាលែងមានទៀតហើយនៅតំបន់ហ្កាហ្សា ។
លោក Naim ស្ថិតនៅក្នុងចំណោមអ្នកជំងឺមហារីក ១១.០០០នាក់ដែលបច្ចុប្បន្នជាប់ខ្លួននៅក្នុងដែនដីប៉ាឡេស្ទីនបិទច្រកមួយនេះ ជាទីដែលប្រព័ន្ធថែទាំសុខភាពស្ទើតែដួលរលំទាំងស្រុង ។
យោងតាមការអះអាងរបស់គ្រូពេទ្យ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងជំងឺមហារីកបានកើនឡើង ៣ដង ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ រហូតមក ជាពេលចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ។
ដោយគ្មានការព្យាបាលដោយគីមី គ្មានការព្យាបាលដោយវិទ្យុសកម្ម និងគ្មានផ្លូវចេញ ការធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីក បានក្លាយជាទោសប្រហារជីវិតភ្លាមៗសម្រាប់ជនប៉ាឡេស្ទីនជាច្រើននៅតំបន់ហ្កាហ្សា ។
ចំណុចកណ្តាលនៃវិបត្តិនេះ ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពទួរគី-ប៉ាឡេស្ទីន ។ ដោយធ្លាប់ជាទីកន្លែងផ្តល់ការព្យាបាលពិសេសសម្រាប់អ្នកជំងឺមហារីក បច្ចុប្បន្នមន្ទីរពេទ្យមួយនេះ សល់តែសំបកមន្ទីរពេទ្យប៉ុណ្ណោះ ៕
