ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងលៃលកថវិកាចំនួន២០០លានផោន ឬ ២៧០លានដុល្លារ ដើម្បីផ្តល់មូលនិធិសម្រាប់ការត្រៀមដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីបានសន្យាថានឹងផ្តល់ទាហានរបស់ខ្លួននៅសប្តាហ៍នេះដល់កងកម្លាំងពហុជាតិសម្រាប់ប្រទេសនេះ ក្នុងករណីមានបទឈប់បាញ់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំងលោកEmmanuel Macron និងប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskiy បានឯកភាពគ្នាលើសេចក្តីប្រកាសពីបំណងនៅក្នុងកិច្ចប្រជុំកំពូល«ក្រុមចម្រុះនៃឆន្ទៈ» របស់សម្ព័ន្ធមិត្តអ៊ុយក្រែន ដោយបញ្ជាក់ពីការដាក់ពង្រាយកងទ័ពនៅពេលអនាគតដ៏មានសក្តានុពល។

កាលពីថ្ងៃសុក្រ ទី៩ ខែមករា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានធ្វើទស្សនកិច្ចនៅរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន បាននិយាយថា ថវិកានេះនឹងត្រូវចំណាយលើការធ្វើឱ្យប្រសើរឡើងនូវយានយន្ត ប្រព័ន្ធទំនាក់ទំនង និងការការពារប្រឆាំងយានដ្រូន ព្រមទាំងធានាបានថាកងទ័ពត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយ។ ចក្រភពអង់គ្លេស បានធ្វើការប្រកាសបែបនេះប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏មានអានុភាពដែលសម្ព័ន្ធមិត្តអឺរ៉ុបរបស់គីវ បានចាត់ទុកថាជាការប៉ុនប៉ងបំភិតបំភ័យពួកគេពីការគាំទ្រអ៊ុយក្រែន។
លោក Macron បាននិយាយថា ប្រទេសបារាំងអាចបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់កងកម្លាំងពហុជាតិសម្រាប់អ៊ុយក្រែន (MNFU) ក្នុងគោលបំណងពង្រឹងការធានាសន្តិសុខដើម្បីធានាដល់ទីក្រុងគីវ។
