តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។
សម្តេចមហាបវរធិបតី បានគូសរំលេចថា នៅពេលនេះជាពេលវេលាដែលកម្ពុជា ត្រូវបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាងពេលណាទាំងអស់។
តាមរយៈសារពិសេសសម្តេចធិបតី បានសម្តែងក្តីសង្ឃឹមថា ជាមួយការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ របស់ប្រជាជាតិកម្ពុជា ប្រាកដជានឹងជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញជាមួយភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។
តាមរយៈសារពិសេសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើសកម្មភាពសប្បុរសជួយដល់យុទ្ធជនលើសមរភូមិ ក៏ដូចជាជនភៀសសឹក។ សម្តេចមហាបវរធិបតី បានចាត់ទុកទង្វើទាំងនោះ ជាកាយវិការស្នេហាជាតិដ៏ខ្លាំងក្លា៕
