ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពន្លឿននីតិវិធី និងការរៀបចំប្រព្រឹត្តិទៅ ផ្សារអនឡាញរបស់ខ្លួន ដើម្បីដាក់ដំណើរករនាពេលខាងមុខ បន្ទាប់ពីបានពន្យាពេលដាក់ដំណើរការដែលបានគ្រោងទុកកាលពីចុងឆ្នាំ២០២១។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៨ មីនា ឆ្នាំ២០២២កន្លងទៅ បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា បច្ចុប្បន្ននេះ ក្រុមការងារបានខិតខំប្រឹងប្រែង ដើម្បីរៀបចំផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ឲ្យដំណើរការទៅដោយរលូននិងល្អប្រសើរ។
លោក បន្ថែមថា ផ្សារនេះអាចនឹងដំណើរការឆាប់ៗខាងមុខនេះហើយ ដោយក្រុមការងារកំពុងតាមដានពិនិត្យ និងរៀបចំយ៉ាងម៉ត់ចត់មុនដាក់ឲ្យដំណើរការ។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមឈានទៅរកទីផ្សារទូលំទូលាយទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដោយផ្តល់លទ្ធភាពឲ្យពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចឌីជីថលសកល។
គិតត្រឹមចុងឆ្នាំ២០២១ ផ្សារខេមបូឌាត្រេដ មានសហគ្រាសធុនតូច និងមធ្យមសរុបចំនួនប្រមាណជាង ៥០ ដែលបានបំពេញលក្ខខណ្ឌក្នុងការដាក់តាំងផលិតផលប្រើប្រាស់ផ្សារនេះ ដែលក្នុងនោះមានផលិតផលចំនួនជាង ៣០០មុខ ជាប្រភេទទំនិញសិប្បកម្ម, ចំណីអាហារកែច្នៃ, ផលិតផលកសិកម្ម, ទំនិញវាយនភណ្ឌនិងសំលៀកបំពាក់, ទំនិញឧស្សាហកម្មខ្នាតតូច។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី