រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក (DHS) លោកស្រី Kristi Noem បាននិយាយក្នុងសុន្ទរកថាដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (១១ មករា) ថា ក្រសួងរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងបញ្ជូនក្រុមមន្ត្រី «រាប់រយនាក់» បន្ថែមទៀតទៅកាន់រដ្ឋ Minnesota បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ បានដើរក្បួនបាតុកមុ្មពាសពេញទីក្រុង Minneapolis ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ស្ត្រីម្នាក់ ដោយភ្នាក់ងារអន្តោប្រវេសន៍។

ថ្លែងលើកម្មវិធីរបស់ទូរទស្សន៍ Fox News លោកស្រី Noem បាននិយាយថា មន្ត្រីទាំងនោះនឹងត្រូវដាក់ពង្រាយដើម្បីបង្កើនសុវត្ថិភាពរបស់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ព្រមទាំងមន្ត្រីល្បាតព្រំដែន ដែលមានស្រាប់នៅក្នុងរដ្ឋ Minnesota។ មន្ត្រីសហព័ន្ធប្រមាណ ២ពាន់នាក់ ត្រូវបានបញ្ជូនទៅតំបន់ Minneapolis-St. Paul រួចទៅហើយ ដែលក្រសួង DHS ហៅថាជា ប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មានពីមុនមក។
ការដាក់ពង្រាយកងកម្លាំងថ្មីនេះបានចាប់ផ្តើម ទោះបីជាមានបាតុកម្មជាង ១ពាន់កន្លែង បានរីករាលនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅក៏ដោយ ដើម្បីតវ៉ាប្រឆាំងនឹងចំណាត់ការនិរទេសរបស់រដ្ឋាភិបាលសហព័ន្ធ និងការបាញ់សម្លាប់ស្រ្តីម្នាក់ឈ្មោះ Renee Good អាយុ ៣៧ឆ្នាំ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយមន្ត្រី ICE។
ក្រុមមន្ត្រីរដ្ឋ Minnesota បានហៅការបាញ់ប្រហារលើស្រ្តីនោះថាជារឿងអយុត្តិធម៌ ប៉ុន្តែលោកស្រី Noem និងមន្ត្រីអាមេរិកផ្សេងទៀតបានអះអាងថា ភ្នាក់ងាររូបនេះបានធ្វើសកម្មភាពដើម្បី «ការពារខ្លួន» ពីព្រោះស្រ្តីរូបនោះបានព្យាយាមបើកបំបុកមន្រ្តីអនុវត្តច្បាប់៕



