លោក Dmitry Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានកាលពីថ្ងៃសៅរ៍ (១០ មករា) ថា ទីក្រុងមូស្គូ នឹងមិនអត់ឱនចំពោះវត្តមានកងទ័ពអឺរ៉ុប ឬណាតូ ក្នុងទឹកដីអ៊ុយក្រែនឡើយ ដោយចោទមេដឹកនាំអឺរ៉ុប ថាកំពុងស្វែងរកជម្លោះកាន់តែទូលំទូលាយ ហើយប្រថុយនឹងផលវិបាកធ្ងន់ធ្ងរ បើផែនការពង្រាយទ័ពបែបនេះត្រូវបានអនុវត្ត។

ការព្រមាននេះ កើតឡើងបន្ទាប់ពីការពិភាក្សាថ្មីៗនេះរបស់មេដឹកនាំអឺរ៉ុប ទាក់ទងនឹងលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងលោកខាងលិច ទៅកាន់អ៊ុយក្រែន សម្រាប់ការរក្សាសន្តិភាព ឬការធានាសន្តិសុខ បន្ទាប់ពីមានបទឈប់បាញ់នាពេលអនាគត។

ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X លោក Medvedev បានប្រើភាសាធ្ងន់ៗថា៖ ពួកអ្នកល្ងង់ខ្លៅនៅអឺរ៉ុប ដែលកំពុងកាន់អំណាច ចង់បានសង្គ្រាមនៅអឺរ៉ុបហើយមើលទៅ។ រុស្ស៊ីនិយាយរាប់ពាន់ដងហើយថា ខ្លួននឹងមិនទទួលយកកងទ័ពអឺរ៉ុប ឬណាតូណាមួយនៅអ៊ុយក្រែនទេ ប៉ុន្តែលោក Macron (សំដៅដល់ប្រធានាធិបតីបារាំង) បន្តផ្សព្វផ្សាយរឿងឥតប្រយោជន៍ដ៏គួរឱ្យអាសូរទាំងនេះ។

បារាំង និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើសេចក្តីប្រកាសនៃលិខិតបំណងមួយ កាលពីដើមសប្តាហ៍មុន ដើម្បីដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងជំហានមួយដែលភាគីទាំងពីរអះអាងថា ចាំបាច់ដើម្បីធានាស្ថិរភាព។ រុស្ស៊ីបានបញ្ជាក់យ៉ាងជាប់លាប់ថា វត្តមានយោធាបរទេសណាមួយនៅអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ និងជា «គោលដៅស្របច្បាប់»៕