រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យ (១១ មករា) ថា ខ្លួននឹងអភិវឌ្ឍមីស៊ីលបាលីស្ទិកវាយប្រហារចូលជ្រៅថ្មីមួយសម្រាប់អ៊ុយក្រែន ដើម្បីគាំទ្រដល់វិស័យការពាជាតិ និងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ប្រទេសនេះប្រឆាំងនឹងរុស្ស៊ី។

រដ្ឋាភិបាលអង់គ្លេសនិយាយថា ក្រោមគម្រោងដែលមានឈ្មោះថា Nightfall នេះ ខ្លួនបានចាប់ផ្តើមការប្រកួតប្រជែងមួយ ដើម្បីអភិវឌ្ឍមីស៊ីលបាលីស្ទិកបាញ់ចេញពីដីគោកយ៉ាងឆាប់រហ័ស ដែលអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ២០០គីឡូក្រាម មានចម្ងាយជាង ៥០០គីឡូម៉ែត្រ។

អង់គ្លេសបន្តថា មីស៊ីលក្នុងគម្រោង Nightfall នោះ នឹងមានសមត្ថភាពបាញ់ចេញពីយានជាច្រើនប្រភេទ ដោយបាញ់មីស៊ីលច្រើនគ្រាប់ជាបន្តបន្ទាប់គ្នាយ៉ាងរហ័ស និងដកថយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន វាយប្រហារគោលដៅយោធាសំខាន់ៗ មុនពេលកងកម្លាំងរុស្ស៊ី អាចឆ្លើយតបបាន។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចថ្មីៗនេះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey ទៅកាន់អ៊ុយក្រែន ដែលស្របពេលជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី លើទីក្រុងគីវ និងទីក្រុងដទៃទៀតនៅថ្ងៃទី៨-ទី៩ ខែមករា សប្ដាហ៍មុន។ អំឡុងពេលវាយប្រហារនោះ រុស្ស៊ីក៏បានបាញ់មីស៊ីលបាលីស្ទិក Oreshnik មួយគ្រាប់ ទៅកាន់ភាគខាងលិចអ៊ុយក្រែន ចម្ងាយត្រឹមតែ ៦០ គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនប៉ូឡូញ៕