រាជរដ្ឋាភិបាលកំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹក ខណៈជាង ៤៨ម៉ឺន​នាក់​បាន​ត្រឡប់​ទៅ​លំនៅ​ឋានវិញ

2026/01/12 07:38:44 pm        334

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសំបែងវិញ និង​កំពុងបន្តស្នាក់នៅជំរំ ខណៈមកទល់ពេលនេះពលរដ្ឋភៀសសឹកជាង ៤៨ ម៉ឺននាក់​បាន​ត្រឡប់​ទៅ​លំនៅឋានវិញ និងជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។ នេះ​បើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា រាជ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ជា​សេនា​ធិការ​បាន​និង​កំពុង​ដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹក​នៅ​តាម​បណ្តាយ​ព្រំដែន។​ សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរ​មាន​សមត្ថកិ​ច្ចបា​នជួយជ្រោមជ្រែង និងសម្រួលពួកគាត់​ឱ្យ​បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ដ្ឋាន​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាមដែលអាចធ្វើបានដោយគិតគូរយ៉ាងម៉ត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខ​មាល​ភាព​របស់ពួកគេ។ ចំណែក​អ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅ​ឡើយ​ក៏​ទទួល​បាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជ​រដ្ឋាភិបាល​ក្នុង​ការ​មើល​ថែ​ពួក​គាត់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព។

ឯកឧត្តមបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹក​ប្រមាណ​ជា​៤៨ម៉ឺន​នាក់​ហើយ​ដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ នៅសល់ជនភៀសឹកជាង១៦ ម៉ឺននាក់ទៀតកំពុងប​ន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើ​យ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅ​កាន់​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​នានា​ក៏​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​បងប្អូ​ន​ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។ 

សូមបញ្ជាក់ជូនថា ការវិលត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​រប​ស់ពលរដ្ឋ​ភៀស​សឹក​មាន​ចែង​ក្នុង​ចំណុច​ទី​៤​នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលមានសេចក្តីថា ភាគីទាំង​ពីរ​ឯក​ភាព​អនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡ​ប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និង​ដោយ​មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​តែង​តាំង​សមា​ស​ភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ដែលមាន​ភារកិច្ច​រៀប​ចំ​ និង​គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ភាគី​ថៃ​។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច​នេះ​កំពុង​ចុះ​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល ក៏ដូចជា​ផលប៉ះពាល់​ជាក់​ស្តែង​លើ​ជីវភាព​របស់​ប្រជាពលរ​ដ្ឋ​ដើម្បី​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​អន្ត​រាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេ​ដ្ឋា​រចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។

នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេចបវរធិបតី នាយក​រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុម​ការងារ​ចំពោះ​កិច្ច​កំពុង​សិក្សា​ និង​វាយ​តម្លៃ​លើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និង​ការ​ស្តាឡើ​ងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជាទឹកស្អាត អគ្គិសនី និង​ទូរ​គមនាគម​ន៍​ជា​ដើម​។ ក្រៅពីនោះ ការបោសសម្អាត​កាក​សំណ​ល់ និង​យុទ្ធ​ភ័ណ្ឌមិន​ទាន់​ផ្ទុះ​ក៏​ជាកិ​ច្ច​ការ​ដ៏​សំខាន់​មួយដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ភៀស​សឹក​មុន​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​វិល​ត្រឡ​ប់​ទៅ​កាន់​លំនៅ​ឋា​នវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺ​ជូនពលរដ្ឋភៀសសឹកផងដែរ។

ក្រៅពី​ការ​យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរស​ជន​នានា​តាម​រយៈ​ការ​ផ្តល់​ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឆ្លៀត​ឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូ​អភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបាន​បរិច្ចា​គធ​នធា​ន​ដើម្បី​ចូល​រួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ ។

សូមបងប្អូនជនរួមជាតិ និងសប្បុរស​ជន​គ្រប់​ទិស​ទី​បន្ត​សកម្ម​ភាព​សប្បុរ​ស​ធម៌​នេះ​ត​ទៅ​ទៀ​ត​ដើម្បី​បង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ និងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាព និងលើកទឹក​ចិត្ត​ដ​ល់កា​រដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ពីព្រោះសង្គ្រាមតែងបង្កវិនាសកម្ម និងទុក្ខ​សោក​គ្រប់​បែប​យ៉ាង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ដូច​ដែលយើងធ្លាប់បានហែលឆ្លងកាត់រួចមកហើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm