ក្រុមមន្ត្រីបាននិយាយថា លោក តូ ឡឹម (To Lam) ប្រធានបក្សកុម្មុយនិស្តវៀតណាម កំពុងស្វះស្វែងរកការរួមបញ្ចូលគ្នានូវតួនាទីប្រធានបក្សរបស់លោក ជាមួយនឹងតំណែងប្រធានាធិបតី នៅក្នុងជំហានមួយដែលនឹងធ្វើឱ្យរចនាសម្ព័ន្ធនយោបាយរបស់វៀតណាម កាន់តែដូចទៅនឹងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីង ដឹកនាំគណបក្ស និងជាប្រធានរដ្ឋផងដែរ។

នៅសប្តាហ៍ក្រោយនេះ ប្រតិភូប្រមាណ ១.៦០០នាក់ នឹងប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ ដើម្បីចាប់ផ្តើមសមាជបក្សកុម្មុយនិស្ត រយៈពេល ១សប្តាហ៍ ដែលប្រារព្ធឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសបណ្ដាមេដឹកនាំថ្មី និងកំណត់គោលដៅគោលនយោបាយសម្រាប់រដ្ឋឯកបក្សមួយនេះ។

យោងតាមការលើកឡើងរបស់ប្រភព ដែលត្រូវបានជូនដំណឹងដោយគណៈប្រតិភូ និងមន្ត្រី ៣រូបផ្សេងទៀតដែលដឹងបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោក ឡឹម វ័យ ៦៨ឆ្នាំ បានឈរឈ្មោះសម្រាប់តំណែងកំពូលទាំងពីរ នៅក្នុងកិច្ចប្រជុំបក្សមួយកាលពីខែធ្នូ កន្លងទៅ ដោយស្វែងរកការយល់ព្រមពីបក្សជាមុនសិន មុនពេលសមាជសប្តាហ៍ក្រោយនេះ។
ប្រភពព័ត៌មានបន្តថា កិច្ចប្រជុំបក្សនៅពេលនោះ បានគាំទ្រលោក ឡឹម ឱ្យនៅតែជាប្រធានបក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែមានភាពមិនច្បាស់លាស់លើបញ្ហានៃតំណែងប្រធានរដ្ឋ ដែលជាតួនាទីពិធីការភាគច្រើន ហើយបច្ចុប្បន្ន ត្រូវកាន់កាប់ដោយយោធា គឺលោកឧត្តមសេនីយ៍ លឿង គឿង (Luong Cuong)។ ក្នុងករណីណាក៏ដោយ ការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើប្រតិភូ ដែលនឹងត្រូវបានជ្រើសតាំងនៅឯសមាជបក្ស ៥ឆ្នាំម្ដង លើកទី១៤ នៅថ្ងៃទី ១៩-២៥ ខែមករា សប្ដាហ៍ក្រោយនេះ៕