សមាជិកសភាដាណឺម៉ាក លោក Rasmus Jarlov បានប្រាប់សារព័ត៌មាន Delo របស់ស្លូវេនី ក្នុងបទសម្ភាសន៍មួយថា អង្គការណាតូនឹងមិនអាចបន្តមានវត្តមានបានទេ ប្រសិនបើកោះហ្គ្រីនលែន ត្រូវបានបញ្ចូលដោយសហរដ្ឋអាមេរិកទៅក្នុងទឹកដីរបស់ខ្លួននោះ។

សមាជិកសភារូបនេះ បានកត់សម្គាល់ថា៖«ខ្ញុំមិនជឿថា អង្គការណាតូ អាចមានបានទេ ប្រសិនបើជនជាតិអាមេរិកជឿថា ពួកគេមានសិទ្ធិដណ្តើមយកទឹកដីរបស់សមាជិកសម្ព័ន្ធមិត្តផ្សេងទៀត។ យើងគឺជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតមួយរបស់សហរដ្ឋអាមេរិក។ ប្រទេសដទៃទៀត បានរិះគន់យើងម្តងហើយម្តងទៀតចំពោះការស្មោះត្រង់ពេកចំពោះជនជាតិអាមេរិក ពីព្រោះយើងបានឈ្លានពានអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ហើយបានផ្តល់ទិន្នន័យស៊ើបការណ៍សម្ងាត់ដល់ពួកគេ។ ដូច្នេះ ប្រសិនបើជនជាតិអាមេរិកវាយប្រហារយើង គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពនោះទេ។ នោះហើយជាមូលហេតុដែលពិភពលោកទាំងមូល គួរតែមានការព្រួយបារម្ភផងដែរ»។

លោក Jarlov ក៏បានហៅការបញ្ចូលកោះនេះដោយសហរដ្ឋអាមេរិកថា ជា «ការទាមទារទឹកដីដែលមិនសមហេតុផលបំផុតក្នុងប្រវត្តិសាស្ត្រ» ព្រោះវានាំឲ្យមានការប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ទីក្រុង វ៉ាស៊ីនតោន។ លោកបានសង្កត់ធ្ងន់ថា ការបញ្ចូលកោះនេះទៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកដោយគ្មានការយល់ព្រមពីទីក្រុង Copenhagen នឹងរំលោភលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតអំពីតម្រូវការសម្រាប់កោះហ្គ្រីនលែន ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក។ ក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក លោកបានស្នើទិញកោះនេះ ហើយនៅក្នុងខែមីនា ឆ្នាំ ២០២៥ លោកបានបង្ហាញទំនុកចិត្តថា កោះនេះអាចត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន៕