ប្រភពជាច្រើនដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានអន្តរជាតិអ៊ីរ៉ង់ (Iran International) ថា សហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងបើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ» ស្របពេលការតវ៉ាដ៏តានតឹង។

ប្រភពព័ត៌មាន បាននិយាយកាលពីថ្ងៃអាទិត្យ (១១ មករា) ថា យុទ្ធោបករណ៍របស់យោធាអាមេរិក មួយចំនួនធំ ត្រូវបានផ្ទេរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេល ១សប្តាហ៍កន្លងមកនេះ ហើយការដាក់ពង្រាយបន្ថែមទៀតត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ប្រភពបានឱ្យដឹងថាទៀតថា អ៊ីស្រាអែល នឹងចូលរួមក្នុងប្រតិបត្តិការបែបនេះ ទាល់តែក្រោយពីសកម្មភាពរបស់សហរដ្ឋអាមេរិកជាមុនសិន ហើយលុះត្រាតែសាធារណរដ្ឋអ៊ិស្លាមមួយនេះវាយប្រហារអ៊ីស្រាអែល ឬប្រសិនបើមានសញ្ញាច្បាស់លាស់អំពីការវាយប្រហារជិតមកដល់ពីអ៊ីរ៉ង់។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងម្តងហើយម្តងទៀតអំពីការរំពឹងទុកនៃអន្តរាគមន៍នៅអ៊ីរ៉ង់ ហើយបានព្រមានអាជ្ញាធរអ៊ីរ៉ង់ កុំឱ្យប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដកស្រង់ប្រភពអ៊ីស្រាអែលថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ និងត្រៀមលក្ខណៈខ្ពស់បំផុត ស្របពេលការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអន្តរាគមន៍របស់អាមេរិក៕

