ចំហេះព្រៃដ៏ធំបំផុតមួយនៅប្រទេសអូស្ត្រាលី បានបំផ្លាញទ្រព្យសម្បត្តិ ចម្ការទំពាំងបាយជូរ និងដីកសិកម្មជាច្រើនកន្លែងនៅក្នុងរដ្ឋ Victoria ដោយមានចំហេះព្រៃជាង៣០កន្លែងផ្សេងៗគ្នានៅតែបន្តឆេះនៅទូទាំងរដ្ឋកាលពីថ្ងៃអាទិត្យ។ នគរបាលនិយាយថា សាកសពមនុស្សម្នាក់ត្រូវបានរកឃើញនៅជិតទីក្រុង Longwood ហើយជនរងគ្រោះនៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។
ប្រធានក្រុមពន្លត់អគ្គិភ័យ លោក Andrew Wilson និយាយថា «វាគួរឱ្យរន្ធត់យ៉ាងខ្លាំង វាបានបំផ្លាញ តំបន់Harcourt។ ចំហេះព្រៃបានបំផ្លាញផ្ទៃដីព្រៃរាប់ម៉ឺនហិចតានៅក្នុងរដ្ឋ Victoria ចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនមក ដោយបានបំផ្លាញអគារជាង៣០០ខ្នង រួមទាំងលំនៅឋាន និងបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។

ចំហេះព្រៃជាច្រើនកន្លែងនៅក្នុងរដ្ឋ New South Wales ដែលនៅជិតខាង រួមមានទីក្រុង Sydney បានឆេះរាលដាលក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត។
អាជ្ញាធរពន្លត់អគ្គិភ័យនិយាយថា ចំហេះព្រៃមួយចំនួនទំនងជាត្រូវការពេលច្រើនសប្តាហ៍ដើម្បីគ្រប់គ្រង។ ចំហេះព្រៃទាំងនេះគឺជាចំហេះព្រៃអាក្រក់បំផុតដែលបានវាយប្រហារភាគអាគ្នេយ៍ចាប់តាំងពីចំហេះព្រៃរដូវក្តៅឆ្នាំ ២០១៩-២០២០ ដែលបានបំផ្លាញតំបន់ដ៏ធំមួយ និងបានបណ្តាលឲ្យមនុស្ស៣៣ នាក់ស្លាប់។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ដល់អ្នកស្រុកដែលរងគ្រោះដោយចំហេះព្រៃ ព្រមទាំងកសិករផងដែរ។
