ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអោយដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តតាកែវ មានក្រុមហ៊ុនរោងចក្រសហគ្រាស មកបណ្ដាក់ទុនវិនិយោគ នៅទូទាំងខេត្តតាកែវ មានចំនួន ៩៥ក្រុមហ៊ុន។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃ ច័ន្ទ ទី ១២ ខែ មករា ឆ្នាំ ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា «ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវ មាន គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ៖ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹង ឆ្នាំ២០២៤ កើនឡើង១២០%។ ក្នុងនោះដែរ អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២%»។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថាលទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕




