សារព័ត៌មានរដ្ឋរាយការណ៍ថា សមាជិកកងកម្លាំងសន្តិសុខរាប់សិបនាក់ ត្រូវបានសម្លាប់ អំឡុងបាតុកម្មប្រឆាំងវិបត្តិសេដ្ឋកិច្ច ស្របពេលប្រធានសភាអ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលពីការវាយប្រហារសងសឹក បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានវាយប្រហារប្រទេសមួយនេះ ។

ទូរទស្សន៍រដ្ឋរាយការណ៍កាលពីថ្ងៃអាទិត្យថា សមាជិកនគរបាល និងកងកម្លាំងសន្តិសុខ ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្ត Isfahan និង ៦នាក់ទៀត នៅខេត្ត Kermanshah ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ នាំឲ្យទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim រាយការណ៍ថា កងកម្លាំងសន្តិសុខ ១០៩នាក់ ត្រូវបានសម្លាប់ ក្នុងបាតុកម្មនៅទូទាំងប្រទេស ។
ខណៈពេលនោះដែរ ក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ និយាយថា បុគ្គលិកម្នាក់របស់ខ្លួន បានស្លាប់ អំឡុងការវាយប្រហារលើអគារសង្រ្គោះ ស្ថិតក្នុងទីក្រុង Gorgan រដ្ឋធានីខេត្ត Golestan ។
សារព័ត៌មានរដ្ឋរាយការណ៍ផងដែរថា ព្រះវិហារមួយខ្នង ត្រូវបានគេដុតកម្ទេចចោលនៅទីក្រុង Mashhad ស្ថិតនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍ ។
តួលេខស្លាប់មនុស្ស ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ពេលដែលក្រុមអាជ្ញាធរអ៊ីរ៉ង់ បង្កើនកិច្ចខិតខំបង្រ្កាបបាតុកម្មធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលគេមើលឃើញមនុស្សរាប់ម៉ឺនរាប់សែននាក់ នាំគ្នាដង្ហែរក្បួនតាមដងផ្លូវ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេចំពោះការកើនឡើងការចំណាយប្រចាំថ្ងៃ និងអតិផរណាខ្ពស់ ៕
