ការបាញ់បង្ហោះលើកដំបូងក្នុងឆ្នាំ ២០២៦នេះ របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) បានប្រឈមភាពមិនប្រក្រតី អំឡុងដំណាក់កាលទី ៣នៃការហោះហើរបស់វានាថ្ងៃចន្ទនេះ នាំឲ្យមានការបញ្ចប់ភ្លាមៗនៃបេសកកម្មបាញ់បង្ហោះផ្កាយរណប ។
បេសកកម្មនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុន New Space India Limited គឺជាក្រុមហ៊ុនពាណិជ្ជកម្មរបស់អង្គការ ISRO ដោយប្រើប្រាស់យានចម្លង PSLV-62 ដើម្បីបាញ់បង្ហោះផ្កាយរណបអង្កេតផែនដី និងផ្កាយរណបទំនាក់ទំនង ១៥គ្រឿង ទៅកាន់គន្លងតារាវិថី ។
លោកវេជ្ជបណ្ឌិត V. Narayan គឺជាប្រធានអង្គការ ISRO និយាយថា ពេលជិតបញ្ចប់ដំណាក់កាលទី ៣ ពួកយើងមើលឃើញការរំខាននៅក្នុងយានចម្លង ហើយនិងមានផ្លូវកោងរបស់យានចម្លង ។
គេហទំព័រផ្លូវការរបស់អង្គការ ISRO និយាយថា យានចម្លង PSLV គឺជាយានចម្លងរបស់អង្គការ ISRO ដែលបានបញ្ចប់ការហោះហើរចំនួន ៦៣លើក រួមទាំងបេសកកម្មគួរឲ្យចាប់អារម្មណ៍ ដូចជាបេសកកម្ម Chandrayaan-1, Mars Orbiter Mission, Aditya-L1 និងបេសកកកម្ម Astrosat Mission ៕