ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ១២មករាសប្ដាហ៍នេះ បាននិយាយថា លោកបានដំឡើងពន្ធ២៥% លើទំនិញពីបណ្ដាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ជាវិធានការមួយដែលអាចដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលចូលដល់សប្តាហ៍ទីបី។

លោក Trump បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការដំឡើងពន្ធនេះចូលធរមានភ្លាមៗ ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីទម្រង់បែបណាក្នុងការធ្វើអាជីវកម្ម ជាមួយអ៊ីរ៉ង់នោះទេ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ាក់ អារ៉ាប់រួម ទួរគី និងឥណ្ឌា។
ការដំឡើងពន្ធថ្មីនេះកើតឡើងបន្ទាប់ពីលោក Trump បានគំរាមធ្វើអន្តរាគមន៍យោធា ប្រសិនបើទីក្រុងតេអេរ៉ង់ បានសម្លាប់ក្រុមបាតុករ។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូឡាញ ឡេវីត (Karoline Leavitt) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ជម្រើសយោធារួមទាំងការវាយប្រហារតាមអាកាសនៅតែស្ថិតនៅលើតុ។

លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃចន្ទថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងបង់ពន្ធ២៥% លើអាជីវកម្មណាមួយ និងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក។
សេតវិមានពុំបានចែករំលែកព័ត៌មានបន្ថែមអំពីពន្ធនោះទេ រួមទាំងការនាំចូលរបស់ប្រទេសណាដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុត៕