រដ្ឋាភិបាលដែនដីហ្គ្រីនលែន កាលពីថ្ងៃចន្ទ ទី១២ ខែមករា បាននិយាយថា ខ្លួនមិនអាចទទួលយកការយកមកគ្រប់គ្រងដែនដីកោះនៅមហាសមុទ្រអាកទិករបស់សហរដ្ឋអាមេរិកបានទេ ទោះបី «ក្នុងកាលៈទេសៈណាក៏ដោយ» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកដែនដីនេះ «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងៗ»។

លោក Trump បានគំរាមដដែលៗថា នឹងយកកោះនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដោយអះអាងថា ដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកមួយនេះគឺមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ។

រដ្ឋាភិបាលដែនដីហ្គ្រីនលែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវបំណងរបស់ខ្លួនក្នុងការយកដែនដីហ្គ្រីនលែនមកគ្រប់គ្រង។ នេះជាអ្វីមួយដែលរដ្ឋាភិបាលចម្រុះនៅដែនដីហ្គ្រីនលែនមិនអាចទទួលយកបានទេទោះក្នុងកាលៈទេសៈណាក៏ដោយ»។ លោក Trump បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនយកមកគ្រប់គ្រងដែនដីហ្គ្រីនលែនទេ នោះ «រុស្ស៊ី ឬចិននឹងយក ហើយខ្ញុំមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងឡើយ»។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បាននិយាយថា លោកនឹងបើកចំហចំពោះការបង្កើតកិច្ចព្រមព្រៀងជាមួយកោះស្វ័យគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក មួយនេះ «ប៉ុន្តែតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងៗ ដែលយើងនឹងយកមកគ្រប់គ្រងដែនដីហ្គ្រីនលែន»។ កាលពីសប្តាហ៍មុន ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ និងចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាជាមួយប្រទេសដាណឺម៉ាក ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះទីក្រុង Copenhagen និងដែនដី Greenland ប្រឆាំងនឹងលោក Trump។