ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១២ មករា) ថា ចារកម្មសម្ងាត់បានបង្ហាញថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ខណៈក្រុមសង្គ្រោះបន្ទាន់ បានខិតខំស្តារថាមពលកម្ដៅ និងអគ្គិសនីឡើងវិញដល់ប្រជាជននៅទីក្រុងគីវ ដែលជាប់គាំងអស់ជាង ៣ថ្ងៃមកហើយ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើគោលដៅថាមពល។

ក្រុមមន្ត្រីនិយាយថា អគារលំនៅឋានរាប់រយខ្នងក្នុងរដ្ឋធានីគីវ នៅតែគ្មានកម្ដៅប្រើប្រាស់គិតត្រឹមថ្ងៃចន្ទដដែលនោះ ក្រោមសីតុណ្ហភាពរដូវរងាដ៏ត្រជាក់ ទោះបីជាមានកិច្ចប្រឹងប្រែងស្ដារឡើងវិញក៏ដោយ។ រុស្ស៊ី បានវាយប្រហារប្រព័ន្ធថាមពលរបស់អ៊ុយក្រែនជាប្រព័ន្ធ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសក្នុងឆ្នាំ២០២២មក ហើយការវាយប្រហារតាមអាកាស កាន់តែខ្លាំងក្លាឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
ថ្លែងនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បានចេញការព្រមានថ្មីមួយ ឱ្យយកចិត្តទុកដាក់ចំពោះការជូនដំណឹងអំពីការវាយប្រហារតាមអាកាស ខណៈសីតុណ្ហភាពពេលយប់បានធ្លាក់ចុះដល់ -១៥ អង្សាសេ ឬទាបជាងនេះ។ លោកបាននិយាយថា «មានចារកម្មសម្ងាត់ ដែលថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៀត»។
មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា៖ យានដ្រូននឹងត្រូវប្រើដើម្បីបំបាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាស និងមីស៊ីល ខណៈពួកគេចង់ទាញយកប្រយោជន៍ពីភាពត្រជាក់ដ៏កំណាច ហើយ «ការវាយប្រហារតាមច្រកអាកាសនោះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»៕

