សេចក្ដីរាយការណ៍របស់សារព័ត៌មាន AP នៅថ្ងៃអង្គារ (១៣ មករា) នេះបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឈានដល់ពេលវេលាដ៏លំបាកមួយ ខណៈលោកកំពុងថ្លឹងថ្លែងថា តើត្រូវបញ្ជាឱ្យឆ្លើយតបខាងយោធារបស់អាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ដែរឬទេ ខណៈប្រទេសនេះបន្តការបង្ក្រាបដោយហិង្សាលើបាតុកម្ម ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់។

ប្រធានាធិបតីអាមេរិករូបនេះបានគំរាមប្រើសកម្មភាពយោធាម្តងហើយម្តងទៀតលើទីក្រុងតេអេរ៉ង់ ប្រសិនបើរដ្ឋបាលលោក រកឃើញថា សាធារណរដ្ឋអ៊ិស្លាមមួយនេះកំពុងប្រើកម្លាំងដ៏កាចសាហាវប្រឆាំងនឹងបាតុករ។ នោះជាបន្ទាត់ក្រហមមួយដែលលោក Trump និយាយថា អ៊ីរ៉ង់កំពុង «ចាប់ផ្តើមឆ្លងកាត់ទៅហើយ» ហើយធ្វើឱ្យលោកនិងក្រុមសន្តិសុខជាតិ ថ្លឹងថ្លែងអំពី «ជម្រើសដ៏ខ្លាំងក្លាបំផុត»។
យ៉ាងណាមិញ យោធាសហរដ្ឋអាមេរិក — ដែលលោក Trump បានព្រមានទីក្រុងតេអេរ៉ង់ថា «ត្រៀមលក្ខណៈយ៉ាងពេញលេញរួចទៅហើយនោះ» — ហាក់ដូចជាត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពរង់ចាំសិន សម្រាប់ពេលនេះ ខណៈលោកកំពុងពិចារណាលើជំហានបន្ទាប់ ដោយនិយាយថា ក្រុមមន្ត្រីអ៊ីរ៉ង់ចង់ចរចាជាមួយសេតវិមាន។
លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា «អ្វីដែលគ្រប់គ្នាកំពុងស្ដាប់ឮជាសាធារណៈពីរបបអ៊ីរ៉ង់ គឺខុសគ្នាទាំងស្រុងពីសារដែលរដ្ឋបាលកំពុងទទួលបានជាឯកជន» ហើយ «លោក Trump ចាប់អារម្មណ៍ក្នុងការស្វែងយល់ពីសារទាំងនោះជាមុនសិន»។ យ៉ាងណាក៏ដោយ លោកស្រីសង្កត់ធ្ងន់ថា «លោកប្រធានាធិបតីមិនខ្លាចក្នុងការប្រើជម្រើសយោធាទេ ប្រសិនបើ និងនៅពេលដែលលោកយល់ថាចាំបាច់ ហើយពុំមាននរណាម្នាក់ដឹងរឿងនោះច្បាស់ជាងអ៊ីរ៉ង់ឡើយ»។
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ជំនួយការជាន់ខ្ពស់មួយចំនួនក្នុងរដ្ឋបាលអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី JD Vance កំពុងជំរុញឱ្យលោក Trump សាកល្បងការទូតជាមុនសិន មុនពេលវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែអ្នកនាំពាក្យរបស់លោក Vance បាននិយាយថា របាយការណ៍របស់ WSJ នេះមិនត្រឹមត្រូវទេ៕


